គម្រោងផ្គត់ផ្គង់អ៊ីនធើណិតអវកាសមួយ ទាក់ទាញបានទុនវិនិយោគ ៦៥០,០០០ ដុល្លារ ពីក្រុមហ៊ុន Draper Associates ដើម្បីអភិវឌ្ឍ និងវាយតម្លៃបច្ចេកទេស។
ក្រុមហ៊ុនធុរកិច្ចថ្មី Aquarian Space កាលពីថ្ងៃទី ១៧ មីនា បានប្រកាសអំពីគម្រោងភ្ជាប់បណ្ដាញអ៊ីនធើណិតល្បឿនលឿនរវាង ផែនដី ព្រះចន្ទ និងពិភពអង្គារ នាពេលអនាគត ដែលមានរលកសញ្ញាខ្លាំងគ្រប់គ្រាន់ដែលអាចផ្សាយវីដេអូកម្រិត 4K។ Aquarian Space កំណត់គោលដៅដំឡើងប្រព័ន្ធទំនាក់ទំនងដំបូងលើ ឋានព្រះចន្ទ នៅឆ្នាំ ២០២។ គោលដៅរបស់ក្រុមហ៊ុននេះគឺបង្កើតសេវាកម្មក្នុងបរិយាកាស Solnet ដែលស្ថាបនាឡើងដោយយោងទៅតាមបណ្ដាញផ្កាយរណបពាណិជ្ជកម្មបញ្ជូនទិន្នន័យល្បឿន ១០០ megabit/វិនាទី លឿនជាងឆ្ងាយ ធៀបនឹងល្បឿនអ៊ីនធើណិតកម្រិតមធ្យមនៅ សហរដ្ឋអាម៉េរិក។
«ក្នុងឆ្នាំ ២០២១ មានស្ថានីយចុះចត យានអវកាសហោះជុំវិញគន្លងគោចរ និងរ៉ូបូតស្វ័យប្រវត្ត នៅលើដី និងហោះជុំវិញឋានព្រះចន្ទ ចំនួន ១៣» Kelly Larson នាយកប្រតិបត្តិរបស់ Aquarian Space ឱ្យដឹងដូច្នេះ។ «នៅឆ្នាំ ២០៣០ យើងនឹងមានយានប្រហែល ២០០ គ្រឿង បង្កើតបានសេដ្ឋកិច្ចនៅ ឋានព្រះចន្ទ ដែលមានតម្លៃរាប់ពាន់លានដុល្លារអាម៉េរិក។ ប៉ុន្តែ ប្រការនេះនឹងមិនអាចកើតឡើងបើសិនមិនមានបណ្ដាញទំនាក់ទំនងដែលអាចទុកចិត្តបាន រវាងព្រះចន្ទ និងផែនដី»។
ក្រុមហ៊ុនខាងលើកំពុងតែធ្វើការវាយតម្លៃលើបច្ចេកទេសជាមួយក្រុមហ៊ុនមួយដែលចូលរួមកម្មវិធីសេវាកម្មដឹកទំនិញពាណិជ្ជកម្ម (CLPS) របស់ ណាសា (NASA) រួមនឹងក្រុមហ៊ុនមួយចំនួនទៀតនៅ សហរដ្ឋអាម៉េរិក និងក្រុមហ៊ុនបរទេសដែលជិតបំពេញបេសកកម្មនៅលើ ឋានព្រះចន្ទ។
CLPS នឹងនាំទំនិញ ស្ថានីយចុះចត និងឧបករណ៍វិទ្យាសាស្ត្រជាច្រើន ទៅកាន់ ឋានព្រះចន្ទ នៅចុងទសវត្សរ៍នេះ តាមរយៈកម្មវិធី Artemis របស់ អាម៉េរិក។ យោងតាម Aquarian Space អតិថិជនមិនចាំបាច់ប្ដូរទ្រង់ទ្រាយឧបករណ៍ទៅតាមបច្ចេកវិទ្យារបស់ពួកគេ។ ប៉ុន្តែ ក្រុមហ៊ុននេះមិនទាន់បង្ហើបឱ្យដឹងអំពីបច្ចេកទេសលម្អិត ប្រភេទផ្កាយរណបដែលពួកគេគ្រោងនឹងប្រើប្រាស់ ក៏ដូចជាវិធីបាញ់បង្ហោះផ្កាយរណបទៅក្នុងទីអវកាសនៅឡើយ។
ក្រៅពីអ៊ីនធើណិតល្បឿនលឿន Aquarian ក៏មានគម្រោងតាមដានសំរាមអវកាស អាកាសធាតុ និងការផ្គត់ផ្គង់ព័ត៌មានវិទ្យាសាស្ត្រពី ឋានព្រះចន្ទ និង ពិភពអង្គារ មកកាន់ ពិភពផែនដី ផងដែរ៕