ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសាធារណការបានទទួលឥណទានហិរញ្ញប្បទាន26ទៅ28លានដុល្លារអាមេរិកពីប្រទេសថៃដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងគោលដៅឈានទៅបើកច្រកព្រំដែនអន្តរជាតិថ្មីមួយទៀត។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនលោក វ៉ា ស៊ឹមសូរិយា បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី14 កញ្ញានេះថា ប្រសិនជាអាចជ្រើសរើសក្រុមហ៊ុនសាងសង់បាន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅព្រំដែនអន្តរជាតិច្រកស្ទឹងបត់របស់ខាងកម្ពុជា និងច្រកណងអៀនរបស់ប្រទេសថៃនឹងអាចចាប់ផ្តើមនៅចុងឆ្នាំនេះ និងគ្រោងចំណាយពេលសាងសង់រយៈពេល2ឆ្នាំ។លោកបន្តថា ហេដ្ឋារចនាសម្ព័ន្ធទាំងនោះរួមមានការសាងសង់ផ្លូវប្រវែងប្រមាណ3គីឡូម៉ែត្រ ចេញពីច្រកថ្មីនេះភ្ជាប់មកកាន់ផ្លូវជាតិលេខ៥ សាងសង់អគារទទួលអ្នកដំណើរ អគារត្រួតពិនិត្យរបស់មន្ត្រីគយ អគារព្រំដែន និងអគារស្នាក់នៅរបស់មន្ត្រីជាដើម។
លោកបន្តថា ច្រកព្រំដែនថ្មីនេះមានចម្ងាយប្រមាណ9គីឡូម៉ែត្រពីច្រកព្រំដែនកម្ពុជា-ថៃប៉ោយប៉ែតនាពេលសព្វថ្ងៃនេះ ហើយការសម្រេចបើកច្រកនេះភាគីកម្ពុជា-ថៃបានឯកភាពគ្នាជាយូរមកហើយដើម្បីជួយសម្រួលលំហូរទំនិញ ការដឹកជញ្ជូន និងការធ្វើដំណើររបស់អ្នកដំណើរមិនឲ្យមានការកកស្ទះ ដូចច្រកព្រំដែនប៉ោយប៉ែតសព្វថ្ងៃនេះ។
លោក វ៉ា ស៊ីមសូរិយា បានបន្តថា បន្ទាប់ពីច្រកនេះសាងសង់រួចការសម្រួលចរាចរណ៍ និងអ្នកដំណើរមានកន្លែងសម្រាកងាយស្រួល និងជួយសម្រួលការងារជាច្រើនទៀត ហើយប្រទេសទាំងពីរអាចត្រួតពិនិត្យទំនិញ និងសេវាកម្មនានាតែម្ដង មិនចាំបាច់ត្រួតពិនិត្យពីរលើក។
ការបើកច្រកព្រំដែនថ្មីនេះ និងច្រកព្រំដែនចំនួន4ទៀតដែលគ្រោងបើកនាពេលខាងមុខ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរួមគ្នា របស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលគ្រោងពង្រីកទំហំពាណិជ្ជកម្មឲ្យបាន15ពាន់លានដុល្លារនៅឆ្នាំ2020ខាងមុខនេះ។
ប្រទេសថៃបានសន្យាជួយទិញកសិផលកម្ពុជាកាន់តែច្រើន ខណៈជញ្ចីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានអតុល្យភាពគ្នាខ្លាំងនៅឡើយ ព្រោះបើតាមប្រសាសន៍សម្តេចតេជោហ៊ុន សែនប្រមុខរដ្ឋាភិបាលកម្ពុជាបានអះអាងថា ថៃនាំចូលទំនិញមកកម្ពុជា5 តែកម្ពុជានាំចេញទៅកាន់ប្រទេសថៃមានតែ1ប៉ុណ្ណោះ៕