ភ្ញៀវទេសចរណ៍ជាតិ និងបរទេសយ៉ាងច្រើនកុះករ បាននាំគ្នាទៅទស្សនា «ព្រឹត្តិការណ៍សមរាត្រី» ដែលមានព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត ដែលបានចាប់ផ្តើមរះពីម៉ោង ៦ និង ៣០ នាទីព្រឹក ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២។
«ព្រឹត្តិការណ៍សមរាត្រី» នេះ កើតឡើងពីរដង ក្នុង ១ ឆ្នាំ គឺនៅថ្ងៃទី ២១ ខែមីនា និងនៅថ្ងៃទី ២២ ខែកញ្ញា។ ព្រឹត្តិការណ៍ថ្ងៃរះចំកណ្តាលកំពូលអង្គរ គឺជាពេលវេលា ដែលពេលថ្ងៃនិងពេលយប់ មានរយៈពេលស្មើគ្នា ដោយខុសពីខែធម្មតាខ្លះ ដែលយប់មានរយៈពេលវែងជាងពេលថ្ងៃ ឬថ្ងៃមានរយៈពេលវែងជាងយប់ នេះបើតាម លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនៃ អាជ្ញាធរជាតិអប្សរា។
បុរាណវិទូរូបនេះបញ្ជាក់ថា ប្រទេសកម្ពុជា មានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿងចៃដន្យនោះឡើយ ព្រោះវាគឺជាលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ដែលរៀបចំស្ថាបត្យកម្ម ប្លង់របស់ប្រាសាទទុកមុន ក្នុងបំណងតម្រូវតាមបាតុភូតធម្មជាតិ។