Skip to content

ឧកញ៉ា លី ហួរ វិនិយោគ​លំនៅដ្ឋាន​តម្លៃ​ទាប​នៅ​ជាយក្រុង​ភ្នំពេញ

ភ្នំពេញៈ លោក​ឧកញ៉ា លី ហួរ អគ្គនាយក​ក្រុមហ៊ុន​លី​ហួរ​គ្រុប​បានសម្រេច​ចិត្ត​បោះទុន​វិនិយោគ​លំនៅដ្ឋាន​តម្លៃ​សមរម្យ​ជា​លើកដំបូង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A។

លោក​ឧកញ៉ា លី ហួរ ដែលជា​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា​ផងដែរ​នោះបាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី14 កញ្ញា​នេះ​ថា នេះ​ជា​គម្រោង​ជំហាន​ដំបូង​ហើយ​ដែល​លោក​បាន​វិនិយោគ​លើ​លំនៅដ្ឋាន​តម្លៃ​សមរម្យ​ដែលមាន​ផ្ទះ​សរុប​ប្រមាណ210ល្វែង និង​លក់​ក្នុងតម្លៃ38,000ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ លោក​បន្តថា គម្រោង​នេះ​ទទួលបាន​ការគាំទ្រ​ខ្លាំង ដោយ​លក់​ក្នុង​រយៈពេល​ខ្លី​សោះ ប៉ុន្តែ​លំនៅដ្ឋាន​ទាំងនេះ​ទទួលបាន​ការបញ្ជាទិញ​ពី​អតិថិជន​អស់​រហូតដល់​ជាង60ភាគរយ​រួចទៅហើយ។

គម្រោង​នេះ​ស្ថិតនៅក្នុង​តំបន់​ព្រែក​តា​មាក់ ដែលមាន​ចម្ងាយ​ប្រមាណ​ជាង10គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ។

លោក​បន្តថា ដោយសារ​គម្រោង​នេះ​ផ្តោតលើ​ប្រជាជនមាន​ជីវភាព​មធ្យម និង​ជា​គម្រោង​ដែល​ស្ថិត​នៅជាប់​ផ្លូវជាតិ​លេខ​៦Aផង​នោះ ទើប​គម្រោង​នេះ​ទទួលបាន​ជោគជ័យ​យ៉ាង​លឿន។ សម្រាប់​គម្រោង​លំនៅដ្ឋាន​មានតម្លៃ​សមរម្យ​បែបនេះ លោក​នឹង​ពង្រីក​ការវិនិយោគ​ជាច្រើន​ទៀត​នៅពេល​ខាងមុខ ព្រោះ​លោក​មាន​ដី​រួចហើយ និង​កំពុងស្ថិត​ក្នុងដំណាក់កាល​ចាក់​ខ្សាច់​បំពេញ។

ទាក់ទង​នឹង​ទីផ្សារ​បុរី​នៅ​កម្ពុជា លោក​ឧកញ៉ា លី ហួរ បាន​ថ្លែងថា ទីផ្សារ​បុរី​នៅ​កម្ពុជា​នៅតែមាន​ភាពល្អប្រសើរ ហើយ​ការលក់​ជោគជ័យ ឬ​មិន​ជោគជ័យ​វា​អាស្រ័យ​លើ​ទីតាំង​គម្រោង​ដែល​ស្ថិតនៅ​តំបន់​ណា និង​ផ្តោតលើ​អតិថិជន​ប្រភេទ​ណា​របស់​អ្នកវិនិយោគ ព្រោះ​យើង​មិនអាច​វិនិយោគ​លំនៅដ្ឋាន​មានតម្លៃ​ខ្ពស់​នៅ​តំបន់​ជាយក្រុង​បានទេ។ លំនៅដ្ឋាន​តម្លៃ​ទាប​ស័ក្តិ​សមនៅ​តំបន់​ជាយក្រុង ចំណែក​តំបន់​ពាណិជ្ជកម្ម​ក្នុង​ក្រុង ជា​កន្លែង​ដែល​ការវិនិយោគ​នឹង​ទទួលបាន​ជោគជ័យ។

លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​ KFA បាន​ថ្លែងថា ស្របពេល​ប្រាក់ចំណូល​ប្រជាពលរដ្ឋ​កើនឡើង អ្នកវិនិយោគ​លើ​វិស័យនេះ​នៅតែ​ទទួលបាន​ជោគជ័យ ដោយសារ​ជាធម្មតា​ប្រជាពលរដ្ឋ​ត្រូវការ​ជម្រក ហើយ​ចរន្ត​នៃ​ការ​ចូលមក​រស់នៅ​ក្រុងភ្នំពេញ​កំពុង​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។លោក​បន្តថា ទោះជា​យ៉ាងណា បច្ចុប្បន្ន​អ្នកវិនិយោគ​លំនៅដ្ឋាន​បានចាប់ផ្តើម​ងាក​ច្រើន​មកកាន់​ក្រុម​ប្រជាជនមាន​ជីវភាព​មធ្យម​ដែលមាន​ចំនួន​ច្រើន និង​ជាទី​ផ្សារ​ធំ​មួយ។

លោក​បន្តថា “ការវិនិយោគ​លើ​លំនៅដ្ឋាន​សម្រាប់​ប្រជាជន​មធ្យម​ជាការ​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​ពិតប្រាកដ ប៉ុន្តែ​មិនមែន​មានន័យថា ទីផ្សារ​លំនៅ   ដ្ឋា​ន​ប្រណីត​មិន​ជោគជ័យ​នោះទេ”៕

Leave a Reply

Your email address will not be published. Required fields are marked *