បណ្ដាធនាគារនៅ ប្រទេសស្វ៊ីស កម្របង្ហើបឱ្យដឹងអំពីព័ត៌មានទាក់ទងនឹងទឹកប្រាក់ដែលអតិថិជនផ្ញើនៅទីនេះ ប៉ុន្តែ ករណីរបស់ រុស្ស៊ី លើកនេះ ធនាគារស្វ៊ីស ត្រូវធ្វើតាមការដាក់ទណ្ឌកម្មរបស់ អឺរ៉ុប។
យោងតាមសារព័ត៌មាន Reuters សមាគមធនាគារស្វ៊ីស (SBA) បានគណនាឃើញថា បណ្ដាធនាគាររបស់ប្រទេសនេះ កំពុងទទួលសិទ្ធិគ្រប់គ្រងប្រាក់ពី ១៥០ ទៅ ២០០ ពាន់ ហ្វ្រង់ស្វ៊ីស (ប្រហែល ១៦១ ទៅ ២១៣ ពាន់លានដុល្លារអាម៉េរិក) ដែលអតិថិជនរុស្ស៊ី បានផ្ញើនៅក្នុងគណនីបរទេស។
ការបង្ហើបឱ្យដឹងនូវរបាយការណ៍ស្ដីពីទ្រព្យសម្បត្តិពី SBA គឺជារឿងកម្រ ពិសេសគឺចំពោះ ស្វ៊ីស ដែលជាប្រទេសល្បីឈ្មោះខាងការរក្សាភាពសម្ងាត់ និងសុវត្ថិភាពសម្រាប់បណ្ដាគណនីបរទេស។
សកម្មភាពមិនធម្មតានេះត្រូវបានគេចាត់ទុកថា គឺដើម្បីឆ្លើយតបទៅនឹងវិធានការនៃការដាក់ទណ្ឌកម្មរបស់ សហភាពអឺរ៉ុប ចំពោះបណ្ដាខ្ទង់ប្រាក់បញ្ញើរបស់ រុស្ស៊ី ទាក់ទងនឹងការចូលឈ្លានពាននៅ អ៊ុយក្រែន។
ដើមឡើយ ស្វ៊ីស គឺជាប្រទេសដែលមាននិន្នាការកណ្ដាល ប៉ុន្តែ បន្ទាប់ពី កងទ័ពរុស្ស៊ី បានចូលលុកលុយ អ៊ុយក្រែន កាលពីខែមុន ប្រធានាធិបតីស្វ៊ីស អ៊ិកណាហ្ស៊ីយ៉ូ កាស៊ិស (Ignazio Cassis) ប្រកាសថា ប្រទេសនេះបង្កកទ្រព្យសម្បត្តិរបស់ ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន និងក្រុមមន្ត្រីនយោបាយ និងក្រុមអ្នកជំនួញ ៣៧០ នាក់ ដែលត្រូវ សហភាពអឺរ៉ុប ដាក់ទណ្ឌកម្ម ដើម្បីទប់ស្កាត់ប្រភពជំនួយសម្រាប់យុទ្ធនាការយោធារបស់ រុស្ស៊ី នៅ អ៊ុយក្រែន។