ក្រុមហ៊ុនប្រេងឥណ្ឌា បានទិញប្រេង ៣ លានធុងពី រុស្ស៊ី ដើម្បីធានាដល់តម្រូវការផ្នែកថាមពល បើទោះជារងសម្ពាធពីបណ្ដាប្រទេសនៅបស្ចិមលោក។
មន្ត្រីរដ្ឋាភិបាលមួយរូបរបស់ ឥណ្ឌា សុំមិនបញ្ចេញឈ្មោះ កាលពីថ្ងៃទី ១៨ មីនា បានទទួលស្គាល់ព័ត៌មានខាងលើ និងឱ្យដឹងថា ទីក្រុងញូវដែលី មិនដាក់ទណ្ឌកម្មលើសកម្មភាពទិញប្រេង។ មន្ត្រីរូបនេះ អះអាងថា ឥណ្ឌា នឹងទិញប្រេងពី រុស្ស៊ី ថែមទៀត បើទោះជាមានប្រតិកម្មពី សហរដ្ឋអាម៉េរិក និងបណ្ដាប្រទេសនៅលោកខាងលិច។
សហរដ្ឋអាម៉េរិក និង អង់គ្លេស រួមនឹងសម្ព័ន្ធមិត្ត កំពុងជំរុញឱ្យ ឥណ្ឌា បដិសេធការទិញប្រេង និងឧស្ម័នរបស់ រុស្ស៊ី ដើម្បីប្រឆាំងនឹងយុទ្ធនាការយោធារបស់ប្រទេសនេះនៅ អ៊ុយក្រែន។ សារព័ត៌មានឥណ្ឌា ចេញផ្សាយថា រុស្ស៊ី កំពុងបញ្ចុះតម្លៃប្រេងទាបជាង ២០% ធៀបនឹងតម្លៃស្ដង់ដានៅទូទាំងសកលលោក។
ឥណ្ឌា ជាប្រទេសដែលនាំចូលប្រេង ៨៥% ក្នុងចំណោមបរិមាណប្រេងដែលប្រើប្រាស់ក្នុងស្រុកសរុប។ តម្រូវការប្រេងរបស់ប្រទេសនេះ គ្រោងនឹងកើន ៨.២% ក្នុងឆ្នាំ ២០២២ ឡើងដល់ ៥.១៥ លានធុង/ថ្ងៃ នៅពេលសេដ្ឋកិច្ចងើបឡើងវិញក្រោយវិបត្តិកូវីដ-១។