(សិង្ហបុរី)-ក្រុមអ្នកវិទ្យាសាស្ត្រប្រចាំសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang បានរកឃើញវិធីផលិតក្រណាត់មួយប្រភេទដែលអាចស្ដាប់ឮសំឡេង និងបង្កើតសំឡេង។
សម្លៀកបំពាក់ដែលធ្វើអំពីក្រណាត់ដែលអាចស្ដាប់ឮសំឡេង អាចប្រើប្រាស់ក្នុងការតានចង្វាក់បេះដូង ឬចង្វាក់ដង្ហើមទៅតាមពេលវេលាជាក់ស្ដែង ដោយយោងទៅតាមភាពញាប់ញ័រនៅលើស្បែក។ ដូច្នេះ អ្នកប្រើប្រាស់សម្លៀកបំពាក់ដែលមានសាច់ក្រណាត់ប្រភេទនេះ អាចទទួលទូរស័ព្ទ និងទាក់ទងគ្នាបាន។
ក្រៅពីនេះ ក្រណាត់ថ្មីក៏អាចដើរតួនាទីដូចទៅនឹងឧបករណ៍ជំនួយដល់អ្នកខ្សោយត្រចៀក នៅក្នុងការរកផ្លូវក្នុងបរិយាកាសអ៊ូអរ។
ជាងនេះ បើយោងតាម Wei Yan ជំនួយការរបស់សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Nanyang ដែលជាប្រធានក្រុមស្រាវជ្រាវ បានឱ្យដឹងថា សាច់ក្រណាត់របស់ពួកគេ អាចបំពាក់លើសម្បករបស់យានអវកាសដើម្បីតាមដានការប្រមូលផ្ដុំរបស់ធូលីអវកាស ឬប្រើនៅលើអគារដើម្បីស្វែងរកស្នាមប្រេះ ឬប្រហោងដែលកើតឡើងដោយសារសម្ពាធ។ វាក៏អាចត្បាញជាសំណាញ់ដើម្បីតាមដានត្រីនៅឯសមុទ្រ។