Skip to content

ប្រាក់រៀល ​ត្រូវ​ចិន​ប្រកាស​ជា​ផ្លូវការ​សម្រាប់​ប្តូរប្រាក់​ទ្វេភាគី​ជាមួយ​ប្រាក់​យ័ន

ភ្នំពេញ៖ ប្រាក់រៀល​ខ្មែរ​ត្រូវបាន​ទីផ្សារ​អន្តរ​ធនាគារ​នៅ​តំបន់​ស្វយ័ត Guangxi Zhuang ប្រទេស​ចិន​ដាក់​ប្រកាស​ក្នុង​អត្រា​ប្តូរប្រាក់​ទ្វេភាគី​ជាមួយ​ប្រាក់​យ័ន​ចិន​សម្រាប់ធ្វើ​ការដោះដូរ​ដោយផ្ទាល់​រវាង​ប្រាក់រៀល​នឹង​ប្រាក់​យ៉​ន់​ចិន​នៅលើ​ទីផ្សារ​មួយ​នេះ។

ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ដោះដូរ​រវាង​ប្រាក់រៀល និង​ប្រាក់​យ័ន​នេះ ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​របស់​ឯក​ឧ​ត្ត​ម ស៊ុំ ស​ន្និ​សិទ្ធ ទេសាភិបាលរង​នៃ​ធនាគារជាតិ​នៃ​កម្ពុជា និង​ឯកឧត្តម Yin Yong ទេសាភិបាលរង​ធនាគារកណ្តាល​ចិន និង​ឯកឧត្តម Peng Qinghua លេខា​គណៈកម្មាធិការ​ប​ក្ស​តំបន់​ស្វយ័ត Guangxi Zhuang ព្រមទាំង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​រូបិយវត្ថុ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​របស់​ចិន និង​អាស៊ាន​ជាច្រើនរូប​ទៀត​កាលពី​ព្រឹក​ថ្ងៃទី13 ខែកញ្ញា ឆ្នាំ2017 ម្សិលមិញ​នៅ​ទីក្រុង​ណា​នី​ង ប្រទេស​ចិន​ក្នុងឱកាស​នៃ​វេទិកា​កំពូល​ស្តីពី​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ហិរញ្ញវត្ថុ​អាស៊ាន-ចិន​លើក​ទី9។

ការដាក់ឱ្យ​ប្រាក់រៀល និង​ប្រាក់​យ័ន​ដោះដូរ​នេះ ជា​លទ្ធផល​នៃ​ការកើនឡើង​នៃ​ទំនាក់ទំនង​ទាំង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​រវាង​កម្ពុជា និង​ចិន និង​ជំនឿ​ទុកចិត្ត​មកលើ​ប្រាក់រៀល​ក៏ដូចជា​សេដ្ឋកិច្ច​របស់​កម្ពុជា ហើយក៏​ឆ្លុះបញ្ចាំង​ផងដែរ​ពី​កា​ឆ្លើយតប នឹង​សេចក្តីត្រូវការ​ប្រាក់រៀល​របស់​ពាណិជ្ជករ​ចិន​ដែល​អាច​នឹង​កើនឡើង​សម្រាប់​ការដោះដូរ​ទ្វេភាគី​នាពេល​អនាគត។

គួររំឭកថា កន្លងមក​ប្រទេស​ចិន​ក៏បាន​ជំរុញ​ការប្រើប្រាស់​រូបិយវត្ថុ​ជាតិ​ក្នុង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ប្រទេស​ដទៃ​ផងដែរ ដូចជា​ជាមួយ​ប្រទេស​ម៉ាឡេស៊ី និង​ថៃ​ជាដើម។ នាឱកាស​នោះ ឯកឧត្តម ស៊ុំ ស​ន្និ​សិទ្ធ ក៏បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រវាង​កម្ពុជា-ចិន ដោយ​បច្ចុប្បន្ន​ប្រទេស​ចិន ជា​ប្រភព​នៃ​លំហូរ​វិនិយោគ​បរទេស​ចំណាត់ថ្នាក់​លេខ1របស់​កម្ពុជា ហើយ​ទេសចរ​ចិន​ក៏​ជាប់​លេខ​រៀង​លើ​គេ​ក្នុងចំណោម​ទេសចរ​បរ​ទេស​ដែល​មក​ទស្សនា​កម្ពុជា​ផងដែរ​ស្រប​ពេលដែល​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​កើនឡើង​ជាង​ពីរដង​ក្នុង​រយៈពេល5ឆ្នាំ​ចុង​ក្រោយនេះ។

ឯកឧត្តម​បានបញ្ជាក់​ពី​ការគាំទ្រ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ចំពោះ​ការបង្កើតឱ្យមាន​អត្រា​ប្តូរប្រាក់​ទ្វេភាគី (រៀល និង​យ័ន) នេះ​ឡើង​ដោយ​រំពឹងថា តាមរយៈ​ការប្រើប្រាស់​រូបិយវត្ថុ​ជាតិ​ក្នុង​សកម្មភាព​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នឹង​ជួយ​កាត់បន្ថយ​ហានិភ័យ​អត្រា​ប្តូរប្រាក់ លើកកម្ពស់​ប្រសិទ្ធភាព សុវត្ថិភាព និង​ភាព​ឆាប់រហ័ស​ក្នុងការ​ទូទាត់ ព្រមទាំង​បង្កើន​លទ្ធភាព​ឱ្យ​ធនាគារកណ្តាល​ទាំងពីរ​ចូលរួម​កាន់តែ​សកម្ម​ក្នុង​ការគាំទ្រ​ការរីកចម្រើន​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​ទាំងអស់នេះ​នឹង​រួមចំណែក​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​ទាំងពីរ​ប​ន្ថែ​ម​ទៀត​នាពេល​អនាគត៕

Leave a Reply

Your email address will not be published. Required fields are marked *