ភ្នំពេញ៖ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនក៏ដូចជាការធ្វើដំណើរទៅមកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែរនោះ ក្រសួងសាធារណការ និងដឹកជញ្ជូនត្រៀមសាងសង់ផ្លូវក្រវាត់ក្រុងមួយខ្សែទៀត(ទី3) បន្ទាប់ផ្លូវក្រវាត់ក្រុងទី2ដែលបានសាងសង់ជិតរួចរាល់100%ហើយក្នុងពេលឆាប់ៗខាងមុខនេះ។
កាលពីព្រឹកថ្ងៃទី13 ខែកញ្ញា ឆ្នាំ2017 ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានដឹកនាំគណៈប្រតិភូមួយក្រុម រួមមានថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ម្ចាស់គម្រោង និងតំណាងក្រុមប្រឹក្សាបច្ចេកទេស។
គម្រោងផ្លូវនេះមានប្រវែងសរុបប្រមាណជា 52គីឡូម៉ែត្រ ធ្វើពីបេតុងសរសៃដែកដែលក្នុងនោះ47គីឡូម៉ែត្រជាផ្លូវ4គន្លង2ទៅ2មក មានទទឹងប្រវែង25ម៉ែត្រ ឯនៅសល់5គីឡូម៉ែត្រទៀតមាន2គន្លងសម្រាប់ចូលទៅកាន់កំពង់ផែ។
គម្រោងផ្លូវនេះតភ្ជាប់ពីផ្លូវជាតិលេខ5 ត្រង់ចំណុចទំនប់កប់ស្រូវ ឆ្លងកាត់ផ្លូវជាតិលេខ4 ផ្លូវជាតិលេខ3 ផ្លូវជាតិលេខ2 និងបញ្ចប់ត្រឹមផ្លូវជាតិលេខ1 នៅត្រង់ចំណុចកំពង់ផែក្នុងស្រុកកៀនស្វាយខេត្តកណ្តាល។ ផ្លូវនេះមានអត្ថប្រយោជន៍ក្នុងការជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ចំណេញពេលវេលាក្នុងការធ្វើដំណើរ ជាពិសេសជួយបញ្ជៀសរថយន្តដឹកជញ្ជូនទំនិញឆ្លងកាត់ទីក្រុង និងការតភ្ជាប់ផងដែរ។
យ៉ាងណាក៏ដោយគម្រោងផ្លូវខាងលើ គេមិនទាន់ដឹងកាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ ដោយសារព័ត៌មានឡារ៉ែនបានព្យាយាមទាក់ទងសួរទៅឯកឧត្តម វ៉ា ស៊ឹមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនដែរ ប៉ុន្តែឯកឧត្តមមានប្រសាសន៍ថា កំពុងជាប់រវល់ប្រជុំ ហើយឡារ៉ែនបានសុំសម្ភាសពីលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ប៉ុន្តែលោកក៏មិនទាន់បានដឹងច្បាស់នៅឡើយ ដោយលោកអះអាងថា នេះជាគម្រោងសិក្សាបឋមនៅឡើយ៕