រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល របស់ ឥណ្ឌា លោក Hardeep Singh Puri បានឱ្យដឹងថា កំពុងចរចាជាមួយ ភាគីរុស្ស៊ី អំពីការបង្កើនការនាំចូលប្រេង ដើម្បីរួមចំណែកទប់ស្កាត់ការឡើងថ្លៃសាំងក្នុងប្រទេស។
«ខ្ញុំបាននិយាយគ្នាជាមួយក្រុមមន្ត្រីរបស់ សហព័ន្ធរុស្ស៊ី» អំពីការនាំចូលប្រេង លោក Hardeep Singh Puri បានប្រាប់ សភាឥណ្ឌា កាលពីថ្ងៃទី ១៤ មីនា។ លោក Puri និយាយថា បញ្ហាកំពុងជជែកគ្នារួមមាន ការធានារ៉ាប់រង វិធីដឹកជញ្ជូន និងការទូទាត់។
ឥណ្ឌា ត្រូវនាំចូលប្រេង ៨០% ក្នុងចំណោមប្រេងដែលត្រូវប្រើប្រាស់ក្នុងស្រុកសរុប ហើយក្នុងចំណោមនោះ មាន ៣% ទិញពី រុស្ស៊ី។ កាលពីចុងសប្ដាហ៍មុន ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Alexandrer Novak បានឱ្យដឹងថា ការនាំចូលប្រេងពី រុស្ស៊ី របស់ ឥណ្ឌា មានតម្លៃប្រហែល ១ ពាន់លានដុល្លារអាម៉េរិក ខណៈលំហូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានត្រឹមតែ ៩ ពាន់លានដុល្លារ មិនដល់ ១/១០ នៃពាណិជ្ជកម្មរវាង រុស្ស៊ី និង ចិន។
ឥណ្ឌា ជាប្រទេសមួយដែលជិតស្និទ្ធនឹង រុស្ស៊ី។ ឥណ្ឌា រក្សាទំនាក់ទំនងជាមួយ អ៊ុយក្រែន និងលោកខាងលិច ប៉ុន្តែ ក៏បង្ហាញការមិនយល់ស្របចំពោះការដាក់ទណ្ឌកម្មលើ រុស្ស៊ី នៅក្នុងវេទិកាអន្តរជាតិ។
សហរដ្ឋអាម៉េរិក បានហាមការនាំចូលប្រេងពី រុស្ស៊ី។ ប៉ុន្តែ អឺរ៉ុប នៅតែមានការស្ទាក់ស្ទើរចំពោះបញ្ហានេះ ព្រោះកំពុងពឹងផ្អែកលើប្រេង និងធនធានថាមពលរបស់ រុស្ស៊ី ច្រើនជាងឆ្ងាយ ធៀបនឹង សហរដ្ឋអាម៉េរិក៕