មាសធ្លាក់ថ្លៃជិត ៤០ ដុល្លារអាម៉េរិក ក្នុង ១ អោន ខណៈដែលតម្លៃប្រេងឆៅក៏បាត់បង់ជាង ៥% ក្នុងការជួញដូរកាលពីថ្ងៃទី ១៤ មីនា ២០២២។
តម្លៃមាសពិភពលោកប្រភេទប្រគល់ភ្លាម ធ្លាក់ថ្លៃ ៣៨ ដុល្លារអាម៉េរិក ពេលបញ្ចប់ការជួញដូរកាលពីថ្ងៃទី ១៤ មីនា ចុះមកនៅត្រឹម ១,៩៥៣ ដុល្លារ ក្នុង ១ អោន (១ អោន (ounce) ប្រហែល ៨.៣ ជី)។ និន្នាការធ្លាក់ថ្លៃនេះ ក៏បានអូសបន្លាយមកដល់ព្រឹកថ្ងៃទី ១៥ មីនា ហើយបច្ចុប្បន្ន ត្រូវបានជួញដូរក្នុងរង្វង់ ១,៩៥១ ដុល្លារ ក្នុង ១ អោន។
មូលហេតុដែលនាំឱ្យមានការធ្លាក់ថ្លៃនេះ ត្រូវបាន Jim Wyckoff ដែលជាអ្នកវិភាគប្រចាំក្រុមហ៊ុន Kitco Metals បកស្រាយថា៖ «ព័ត៌មានល្អស្ដីពីសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន បានជួយឱ្យទីផ្សារមូលបត្រមានសន្ទស្សន៍កើនឡើង បង្កជាសម្ពាធលើទីផ្សារលោហធាតុមានតម្លៃ»។
អត្រាការប្រាក់នៃមូលបត្របំណុលរបស់ រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ប្រភេទ ១០ ឆ្នាំ ក៏ជាចំណែកធំមួយដែលធ្វើឱ្យមាសធ្លាក់ថ្លៃ។ ធនាគារកណ្ដាលអាម៉េរិក (FED) សប្ដាហ៍នេះត្រូវបានគេរំពឹងថា នឹងប្រកាសដំឡើងការប្រាក់សម្រាប់មូលបត្របំណុលរបស់រដ្ឋាភិបាល។
ចំណែកទីផ្សារប្រេងវិញ តម្លៃនាថ្ងៃនេះក៏ទទួលរងសម្ពាធដោយមានដំណឹងថា សហរដ្ឋអាម៉េរិក កំពុងធ្វើការជាមួយ វ៉េណេស៊ុយអេឡា ក្នុងបំណងបង្កើនប្រភពផ្គត់ផ្គង់ប្រេង ជំនួសឱ្យ រុស្ស៊ី។ ទន្ទឹមនឹងនេះ ការដែល ចិន ដាក់បម្រាមគោចរលើទីក្រុងមួយចំនួនជាថ្មី ដោយសារ កូវីដ-១៩ ក៏ប៉ះពាល់ដល់តម្រូវការប្រេងប្រចាំថ្ងៃ។ ជាងនេះ សង្គ្រាមរវាង រុស្ស៊ី និង អ៊ុយក្រែន ដែលត្រូវបានគេរំពឹងថា នឹងល្អប្រសើរឡើងវិញ ក៏ជួយទាញតម្លៃប្រេងសាំង ឱ្យធ្លាក់ចុះមួយកម្រិតផងដែរ។
បញ្ចប់ការជួញដូរកាលពីថ្ងៃទី ១៤ មីនា តម្លៃប្រេងឆៅអាម៉េរិក WTI ធ្លាក់ថ្លៃ ៦% ដោយត្រូវបានជួញដូរក្នុងរង្វង់ ១០៣ ដុល្លារ/ធុងបារ៉ែល។ កាលពីម្សិលមិញ មានពេលខ្លះ តម្លៃប្រេងធ្លាក់មកនៅក្រោម ១០០ ដុល្លារ/ធុង៕