អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤ មីនា បានដឹកនាំមន្ត្រីជំនាញ និងមន្ត្រីរបស់ក្រុមហ៊ុនទទួលម៉ៅការសាងសង់ បានចុះពិនិត្យការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ។
គម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ នេះ បច្ចុប្បន្នសម្រេចបានប្រមាណពី ៩៨ ទៅ ៩៩%។ ហើយ ៥ ថ្ងៃទៀតប៉ុណ្ណោះនឹងរួចរាល់ជាស្ថាពរ ដែលអាចដាក់ឱ្យធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្នបាន នេះបើតាម ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ការចុះត្រួតពិនិត្យរបស់ អភិបាលរាជធានីភ្នំពេញ កាលពីម្សិលមិញនេះ គឺក្នុងបំណងជំរុញការងារដែលនៅសេសសល់ឱ្យបានរួចរាល់ក្នុងរយៈពេល ៥ ថ្ងៃទៀត ដើម្បីត្រៀមសម្រាប់ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលខាងមុខ។
ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ គឺជាគម្រោងរបស់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ រដ្ឋបាលរាជធានីភ្នំពេញ។ សំណង់ដែលត្រូវបានបើកការដ្ឋានសាងសង់កាលថ្ងៃទី ២៩ មិថុនា ២០១៨ ទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់រយៈពេល ៣០ ខែ ក្នុងការសាងសង់ និងចំណាយថវិកាសាងសង់សរុបប្រមាណ ២២ លានដុល្លារអាម៉េរិក៕