ចាប់តាំងពីថ្ងៃកកើតទូរស័ព្ទ iPhone កាលពីឆ្នាំ 2007 រហូតដល់ឆ្នាំ 2017 នេះ ទូរស័ព្ទ iPhone X បានក្លាយជាស្មាតហ្វូនដំបូងគេក្នុងប្រវត្តិសាស្ដ្ររបស់ Apple ដែលមានតម្លៃថ្លៃជាងគេ ទោះបីជា iPhone 8 និង 8 Plus ដែលកើតក្នុងថ្ងៃតែមួយដូចគ្នាក៏ថ្លៃមិនស្មើដែរ។
Apple បានដាក់ចេញនូវទូរស័ព្ទ iPhone X អំឡុងពេលព្រឹត្តិការណ៍កាលពីថ្ងៃទី12 ខែកញ្ញា នៅកន្លែងចាស់ដែលលោក Steve Jobs ធ្លាប់បានឡើងបង្ហាញទូរស័ព្ទ iPhone ជំនាន់ដំបូងគេ។ iPhone ជំនាន់ក្រោយរបស់Apple មានភ្ជាប់មកជាមួយនូវប្រព័ន្ធដំណើរការដែលមានភាពទាន់សម័យ និងមានអេក្រង់ធំទូលាយជាងមុន មានបច្ចេកវិទ្យាសាកថ្មឥតខ្សែ និងមុខងារដោះសោទូរស័ព្ទតាមបច្ចេកវិទ្យា Face ID។
តម្លៃរបស់វាគឺ 999ដុល្លារ ហើយធ្វើឱ្យវាក្លាយជាទូរស័ព្ទ iPhone ថ្លៃជាងគេបំផុតរបស់Apple បើប្រៀបធៀបនឹងទូរស័ព្ទ iPhone 8 និង iPhone 8 Plus ដែលចេញក្នុងពេលជាមួយគ្នាដែលមានតម្លៃចាប់ពីត្រឹមតែ 699 ដុល្លារប៉ុណ្ណោះ៕