ភ្នំពេញ – យោងតាមរបាយការរណ៍បញ្ជាក់ពីអង្គការសុខភាពពិភពលោក (WHO) ស្ដ្រីកម្ពុជាត្រូវបានគេរកឃើញថា មានជំងឺមហារីកមាត់ស្បូនប្រមាណ 60% ជាអត្រាខ្ពស់ជាងគេបើប្រៀបធៀបទៅនិងស្ដ្រីក្នុងបណ្ដាប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ាន ជាពិសេស គឺមានស្ដ្រីប្រមាណ60%ហើយដែលបានស្លាប់ដោយសារជំងឺនេះ។
លោកជំទាវ ញ៉េប សុភាព ប្រធាននាយកដ្ឋានសុខមាលភាពស្រី្ដ និងកុមារនៃក្រសួងសង្គមកិច្ចបានលើកឡើងថា ផលប៉ះពាល់នេះកើតឡើងបណ្ដាលមកពីស្ដ្រីនៅកម្ពុជាខ្វះការការពារ និងអនាម័យ ក្រៅពីនេះប្រទេសកម្ពុជានៅមានការប្រកាន់ខ្ជាប់នូវប្រពៃណី ដែលធ្វើឱ្យស្ដ្រីមានការខ្មាសអៀនច្រើនពុំសូវហ៊ាននិយាយដោយបើកចំហអំពីបញ្ហានេះ ម្យ៉ាងពុំទាន់មានការផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់ស្ត្រីជាមាតានៅឡើយ។
មន្ដ្រីអង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ជំងឺមហារីកមាត់ស្បូនមិនមែនជាជំងឺតំណពូជទេ ពិសេសជំងឺនេះអាចការពារបានស្ទើរតែ100%តាមរយៈការការពារដោយចាក់ថ្នាំវ៉ាក់សាំង ដូច្នេះស្ដ្រីកម្ពុជាទាំងអស់គួរតែទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ដើម្បីដឹងពីស្ថានភាពនៃសុខភាពរបស់ខ្លួន។ ជំងឺនេះច្រើនតែកើតឡើងលើស្ដ្រីដែលមានដៃគូរួមភេទច្រើន និងស្ដ្រីដែលមានកូនច្រើន គ្រាដែលពួកគាត់មានកូនដំបូងស្ថិតក្នុងវ័យក្មេងនៅឡើយ។
ប្រធាននាយកដ្ឋានសុខមាលភាពស្រី្ដ និងកុមារនៃក្រសួងសង្គមកិច្ចបានបញ្ជាក់បន្ថែមថា៖«ស្ត្រីជាមាតាត្រូវតែហ៊ានបង្ហាញចេញអ្វីដែលជាបញ្ហាលើសុខភាពរបស់ខ្លួនឯង ព្រោះបញ្ហាសុខភាព និងការពិនិត្យសុខភាពជារឿងសំខាន់ដែលស្ដ្រីគ្រប់រូបត្រូវតែដឹង នឹងត្រូវតែធ្វើដើម្បីបញ្ចៀសនូវបញ្ហាទាំងនេះ»៕