យោងតាម WSJ រដ្ឋអាជ្ញាតុលាការរុស្ស៊ី បានព្រមានថា អាចចាប់ខ្លួនមេដឹកនាំ ឬរឹបអូសយកទ្រព្យសម្បត្តិរបស់បណ្ដាក្រុមហ៊ុនលោកខាងលិចដែលដកខ្លួនចេញពីទឹកដី រុស្ស៊ី។
ប្រភពព័ត៌មានរបស់ Wall Street Journal ឱ្យដឹងថា ក្នុងសប្ដាហ៍កន្លង រដ្ឋអាជ្ញានៃតុលាការរបស់ រុស្ស៊ី បានផ្ញើការព្រមានដល់បណ្ដាក្រុមហ៊ុន ដូចជា Coco-Cola, McDonald’s, Procter & Gamble Co., International Business Machines និងម្ចាស់ KFC – Yum Brands។ ក្រុមហ៊ុនទាំងនេះត្រូវបានគំរាមប្ដឹង ឬរឹបអូសទ្រព្យសម្បត្តិ ក្នុងនោះមានទាំងយីហោផងដែរ។
ការព្រមានរបស់ រុស្ស៊ី នេះ បានធ្វើឱ្យក្រុមហ៊ុនយ៉ាងហោចមួយ ក្នុងចំណោមក្រុមហ៊ុនជាគោលដៅ ត្រូវកាត់បន្ថយទំនាក់ទំនងជាមួយបណ្ដាសាខានៅ រុស្ស៊ី និងបណ្ដាសាខាដែលនៅសល់ ព្រោះបារម្ភថា សារ និងអ៊ីមេល ត្រូវអាជ្ញាធររុស្ស៊ី រាំងខ្ទប់។ បណ្ដាក្រុមហ៊ុនផ្សេងៗ បានបញ្ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ចេញពី រុស្ស៊ី រួចរាល់ហើយ។
បច្ចុប្បន្ន អ្នកនាំពាក្យរបស់ Coca-Cola, IBM, P&G និង McDonald’s, Yum (KFC និង Pizza Hut) នៅ រុស្ស៊ី បានបដិសេធការអធិប្បាយអំពីបញ្ហានេះ។
បន្ទាប់ពីបានបើកការឈ្លានពានលើ អ៊ុយក្រែន ក្រុមហ៊ុនរបស់បណ្ដាប្រទេសលោកខាងលិច បាននាំគ្នាបិទទ្វារ ឬកាត់បន្ថយសកម្មភាពជំនួញរបស់ពួកគេនៅ រុស្ស៊ី ព្រោះតែរងផលប៉ះពាល់ពីការដាក់ទណ្ឌកម្មរបស់បស្ចិមលោក មកលើ រុស្ស៊ី។
យោងតាមសាលាគ្រប់គ្រង Yale បច្ចុប្បន្ន មានក្រុមហ៊ុនបរទេសជាង ៣៥០ ស្ថាប័ន បានប្រកាសថានឹងចាកចេញ ឬផ្អាកសកម្មភាពអាជីវកម្មនៅ រុស្ស៊ី។
Jen Psaki លេខាផ្នែកសារព័ត៌មានរបស់ សេតវិមាន បានឱ្យដឹងថា៖ «រាល់ការប្រឹងប្រែងដោយខុសច្បាប់របស់ រុស្ស៊ី ក្នុងបំណងរឹបអូសទ្រព្យរបស់បណ្ដាក្រុមហ៊ុន នឹងនាំទៅរកផលវិបាកផ្នែកសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ»។