បន្តនិន្នាការធ្លាក់ថ្លៃក្នុងសប្ដាហ៍កន្លង តម្លៃប្រេងពិភពលោកព្រឹកថ្ងៃទី ១៤ មីនានេះ ថយចុះប្រហែល ៤ ដុល្លារ បន្ទាប់ពីមន្ត្រីអាម៉េរិក មួយរូបនិយាយថា មានសញ្ញាជាច្រើនបង្ហាញថា រុស្ស៊ី ត្រៀមខ្លួនរួចរាល់សម្រាប់បន្តការចរចាជាមួយ អ៊ុយក្រែន។
តម្លៃប្រេង Brent ថយចុះ ៤.១២ ដុល្លារអាម៉េរិក ឬ ៣.៦% ចុះមកនៅត្រឹម ១០៨.៥៥ ដុល្លារ/ធុងបារ៉ែល នៅវេលាម៉ោង ៨និង១៥នាទី (ម៉ោងនៅ កម្ពុជា)។ តម្លៃប្រេងឆៅ West Texas Intermediate (WTI) របស់ សហរដ្ឋអាម៉េរិក ធ្លាក់ថ្លៃ ៣.៩៣ ដុល្លារ ឬ ៣.៧% ចុះមកនៅត្រឹម ១០៥.៤ ដុល្លារ/ធុងបារ៉ែល។
ប្រេងទាំង ២ ប្រភេទខាងលើ សុទ្ធតែបានឡើងថ្លៃខ្ពស់ ចាប់តាំងពី រុស្ស៊ី បើកយុទ្ធនាការយោធានៅ អ៊ុយក្រែន កាលពីថ្ងៃទី ២៤ កុម្ភៈ និងកើន ៤០% រាប់ចាប់ពីដើមឆ្នាំ ២០២២។
កាលពីថ្ងៃទី ១៣ មីនា អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក Wendy Sherman យល់ថា មានសញ្ញាជាច្រើនបង្ហាញថា រុស្ស៊ី បានត្រៀមជាស្រេចក្នុងការបន្តចរចាជាមួយ អ៊ុយក្រែន។ យុទ្ធនាការយោធារបស់ រុស្ស៊ី នៅ អ៊ុយក្រែន បានធ្វើឱ្យទីផ្សារថាមពលសកល មានការប្រែប្រួលខ្លាំង។
តម្លៃប្រេង Brent បានថយចុះ ៤.៨% ក្នុងសប្ដាហ៍កន្លង ខណៈប្រេង WTI ធ្លាក់ថ្លៃ ៥.៧%។ ប្រេង ២ ប្រភេទនេះ សុទ្ធតែធ្លាប់មានតម្លៃខ្ពស់បំផុតកាលពីដើមសប្ដាហ៍ រាប់ចាប់ពីឆ្នាំ ២០០៨ ដោយសារតែមានការបារម្ភអំពីប្រភពផ្គត់ផ្គង់ ក្រោយពី សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តនៅ អឺរ៉ុប បានចាប់ផ្ដើមពិចារណាអំពីការហាមឃាត់ប្រេងដែលនាំពី រុស្ស៊ី។
អាម៉េរិក ក្រោយមកក៏បានហាមឃាត់ប្រេងរបស់ រុស្ស៊ី ក្នុងគ្រាដែល អង់គ្លេស ផ្អាកការនាំចូលជាជំហានៗ ចាប់ពីពេលនេះដល់ចុងឆ្នាំ ២០២២។ សម្ពាធលើតម្លៃប្រេងបានថយចុះ បន្ទាប់ពី ឯកអគ្គរាជទូតរបស់ អេមីរ៉ាតអារ៉ាប់រួម ប្រចាំ សហរដ្ឋអាម៉េរិក ថ្លែងថា ប្រទេសនេះគាំទ្រការបង្កើនផលិតភាព ហើយថានឹងអំពាវនាវឱ្យ អង្គការនៃបណ្ដាប្រទេសនាំចេញប្រេង ពិចារណាអំពីប្រការដូចគ្នានេះ។
យោងតាមអ្នកនាំពាក្យរបស់ វិមានក្រឹមឡាំង Dmitry Peskov កិច្ចចរចារវាង រុស្ស៊ី និង អ៊ុយក្រែន នឹងបន្តធ្វើឡើងនៅក្នុងថ្ងៃទី ១៤ មីនានេះ ក្រោយពីការចរចាកាលពីថ្ងៃទី ១៣ មីនា បានចប់៕