Savage X Fenty កំពុងធ្វើការជាមួយបណ្ដាធនាគារ រួមមាន Goldmine Sachs និង Morgan Stanley ដើម្បីអាចធ្វើ IPO នៅក្នុងឆ្នាំ ២០២២ នេះ ជាមួយនឹងតម្លៃ ៣ ពាន់លានដុល្លារអាម៉េរិក។
Rihanna ដែលជាតារាចម្រៀង និងជាអ្នកជំនួញក្នុងវិស័យសម្លៀកបំពាក និងសម្រស់ កំពុងធ្វើការជាមួយបណ្ដាទីប្រឹក្សា ស្ដីពីការបោះផ្សាយមូលបត្រជាសាធារណៈលើកដំបូង (IPO) ដែលអាចកំណត់តម្លៃរបស់ក្រុមហ៊ុនសម្លៀកបំពាក់ Savage X Fenty របស់នាង ឡើងដល់យ៉ាងហោច ៣ ពាន់លានដុល្លារ នេះបើតាមសារព័ត៌មាន Bloomberg។ ជាក់ស្ដែង Savage X Fenty កំពុងធ្វើការជាមួយធនាគារ Goldmon Sachs និង Morgan Stanley ដើម្បីអាចធ្វើ IPO នៅក្នុងឆ្នាំនេះ។
ក៏ប៉ុន្តែ Savage X Fenty ត្រូវបានគេជឿងថា មិនទាន់ធ្វើសេចក្ដីសម្រេចចុងក្រោយនៅឡើយ ស្ដីពីការធ្វើ IPO ក្នុងនោះ ផែនការនេះ រួមនឹងពេលវេលាជាក់លាក់ក៏អាចនឹងត្រូវបានប្ដូរផ្លាស់។
ក្រុមហ៊ុនរបស់តារាចម្រៀង Rihanna ធ្លាប់ប្រមូលទុនបាន ១២៥ លានដុល្លារ កាលពីខែមករា ក្នុងយុទ្ធនាការប្រមូលទុនមួយដែលនាំមុខដោយ Neuberger Berman ដោយមានការចូលរួមពីក្រុមអ្នកវិនិយោគដំបូងៗ ដូចជា L Catterton, Avenir Growth Capital, Sunley House Capital Management និង Jay-Z’s Marcy Venture Partners នេះបើតាមក្រុមហ៊ុនផ្គត់ផ្គង់ទិន្នន័យ PitchBook។
ក្រៅពី Savage X Fenty តារាចម្រៀងស្បែកខ្មៅ Rihanna ក៏ជាម្ចាស់យីហោ Fenty Beauty ជាក្រុមហ៊ុនមួយធ្លាប់បានបង្ក «ព្យុះភ្លៀង» ក្នុងទីផ្សារសម្អាង បន្ទាប់ពីបានបង្ហាញខ្លួនកាលពីឆ្នាំ ២០១៧ រួមនឹងក្រុមហ៊ុន Fenty Skin។ ក្រុមហ៊ុនទាំងអស់របស់ Rihanna ត្រូវបានបង្កើតឡើងដើម្បីចាប់យកទីផ្សារដែលក្រុមហ៊ុននានារំលងចោល។
Savage X Fenty បាន និងកំពុងពង្រីកបណ្ដាញហាងរបស់ខ្លួន ហើយបច្ចុប្បន្នមាន ៥ ទីតាំង ក្នុងនោះមានទាំងនៅ Culer City, នៅ California និង Las Vegas ផងដែរ នេះបើតាមព័ត៌មាននៅលើគេហទំព័ររបស់ក្រុមហ៊ុន៕