តម្រូវការពី ទ្វីបអាស៊ី ដែលជាទីផ្សារធំលំដាប់ជួរមុខរបស់ពិភពលោក បច្ចុប្បន្នមានសារសំខាន់ខ្លាំងចំពោះ ទីក្រុងមូស្គូ ក្នុងពេលដែលប្រេងរបស់ រុស្ស៊ី ត្រូវបានលោកខាងលិចបដិសេធ។
ពីរសប្ដាហ៍ បន្ទាប់ពី រុស្ស៊ី បានបើកយុទ្ធនាការយោធានៅ អ៊ុយក្រែន សំណួរសំខាន់ដែលកាន់តែទទួលបានចំណាប់អារម្មណ៍ នោះគឺថា តើទ្វីបអាស៊ី អាចទិញប្រេងពី រុស្ស៊ី បានប៉ុន្មាន? ស្របពេលដែល អាម៉េរិក និង អង់គ្លេស បានប្រកាសហាមការនាំចូលប្រេងរបស់ រុស្ស៊ី ក្នុងគ្រាដែលក្រុមហ៊ុនប្រេងធំៗនៅ អឺរ៉ុប តាំងពី Shell, TotalEnergies, BP រហូតដល់ Eni បានផ្អាកការទិញផលិតរបស់ រុស្ស៊ី។ ដូច្នេះ ចំណាប់អារម្មណ៍ក៏ត្រូវបានបង្វែងទៅរកទីផ្សារបន្ទាប់របស់ ប្រេងរុស្ស៊ី។
ក្នុងអំឡុងពេលនេះ តម្រូវការពី អាស៊ី ដែលជាទីផ្សារនាំចូលប្រេងលំដាប់កំពូលរបស់ពិភពលោក ពិសេសគឺ ប្រទេសចិន គឺពិតជាមានសារសំខាន់សម្រាប់ រុស្ស៊ី។
ក្នុងសេណារីយ៉ោ «តំបន់នេះទិញ តំបន់នោះមិនទិញ» ជាលទ្ធផលចុងក្រោយ អាចគ្រាន់តែជាការប្ដូរទិសនៃលំហូរប្រេងតែប៉ុណ្ណោះ។ ឧទាហរណ៍ ទ្វីបអាស៊ី ទិញប្រេងពី រុស្ស៊ី ច្រើនជាងមុន ខណៈ អឺរ៉ុប ងាកទៅទិញប្រេងរបស់បណ្ដាប្រទេសនៅ មជ្ឈិមបូព៌ា។ ដូច្នេះ ការដាក់ទណ្ឌកម្មរបស់ បស្ចិមលោក នឹងមិនបង្កការខូចខាតធ្ងន់ធ្ងន់ដល់ រុស្ស៊ី និងប្រភពផ្គត់ផ្គង់ទូទាំងសកលលោក។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov ក៏មានទំនុកចិត្ត ប្រទេសនេះអាចលក់ប្រេងរបស់ខ្លួនបាន។ «បើសិនចង់ស្វែងរកវិធីសាស្ត្រមកជំនួស ពួកគេបន្តធ្វើចុះ។ យើងនឹងមានទីផ្សារផ្សេងដើម្បីផ្គត់ផ្គង់។ យើងមានរួចហើយ» លោក Lavrov បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅ តួកគី កាលពីថ្ងៃទី ១០ មីនា ដូច្នេះ។
ចន្លោះប្រហោងនៃតម្រូវការប្រេង
ក្រុមអ្នកជំនួញនៅ អាស៊ី និង អឺរ៉ុប ឱ្យដឹងថា បច្ចុប្បន្ននេះ ហាក់ឆាប់ពេកនៅពេលនិយាយថា អ្នកទិញនៅ អាស៊ី អាចបំពេញចន្លោះប្រហោងនៃតម្រូវការប្រេង ដែល អឺរ៉ុប បានបន្សល់ទុកដែរ ឬទេ។ បណ្ដាក្រុមហ៊ុន កំពុងតែចរចាដោយសម្ងាត់ ហើយអ្នកទិញក៏មានការប្រុងប្រយ័ត្ន។ បច្ចុប្បន្ន មិនទាន់មានទណ្ឌកម្មណាមួយដែលដាក់ផ្ទាល់ទៅលើការជួញដូរបែបនេះ។
ក៏ប៉ុន្តែ យោងតាមក្រុមអ្នករកស៊ីខាងប្រេង ការរៀបចំប្រភពហិរញ្ញវត្ថុដើម្បីទៅទិញក៏កំពុងក្លាយជាបញ្ហាចោទ ដោយសារទណ្ឌកម្មសំដៅលើ រុស្ស៊ី។ ការដែល Shell កាលពីសប្ដាហ៍មុនត្រូវរងការរិះគន់ នៅពេលទិញប្រេង ១០០,០០០ តោន ពី រុស្ស៊ី ក៏បានធ្វើឱ្យក្រុមហ៊ុននេះរារែក។
បច្ចុប្បន្ន បណ្ដាក្រុមហ៊ុនចម្រាញ់ប្រេងនៅ អាស៊ី ក្នុងនោះមានទាំងក្រុមហ៊ុនរបស់ ចិន ជាដើម ដែលស្ថិតក្នុងក្រុមអ្នកទិញប្រេងច្រើនបំផុតពី រុស្ស៊ី ក៏មិនទាន់ពិចារណាក្នុងការទិញប្រេងបន្ថែមពី មូស្គូ នៅឡើយ។
ការប្រុងប្រយ័ត្ន
យោងតាមបណ្ដាក្រុមហ៊ុនគក់ជេរផ្នែកដឹកជញ្ជូនតាមផ្លូវទឹក ថ្មីៗនេះមិនទាន់មានកប៉ាល់ខ្នាតធំណាមួយត្រូវបានជួលដើម្បីដឹកប្រេង Urals មកកាន់ អាស៊ី។
Unipec ជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ Sinopec Group (ចិន) បានកក់កប៉ាល់ Agios Fanourios I មួយគ្រឿងកាលពីចុងខែមុនដើម្បីដឹកប្រេង Urals នៅក្នុងខែមីនា មកកាន់ ប្រទេសចិន។ ប៉ុន្តែ ដំណើរការនៃការបញ្ជាទិញ មិនទាន់បានសម្រេចជាស្ថាពរនៅឡើយ។
Unipec ធ្លាប់ជាអតិថិជនមួយក្នុងចំណោមអ្នកទិញប្រេងធំៗចំនួន ៥ របស់ប្រេង Urals ក៏ប៉ុន្តែ នោះគឺជាសម័យមុនសង្គ្រាមនៅ អ៊ុយក្រែន។
តម្លៃប្រេងស្ថិតនៅក្នុងកម្រិតខ្ពស់ ហើយលទ្ធភាពដែលមបស្ចិមលោកដាក់ទណ្ឌកម្មបន្ថែម កំពុងធ្វើឱ្យបណ្ដាក្រុមហ៊ុនចម្រាញ់ប្រេងឯកជននៅ ប្រទេសចិន ពិបាករៀបចំទុន។ ចំណាយដែលទាក់ទងនឹង រុស្ស៊ី ក៏កើនឡើងខ្ពស់ខ្លាំង នាំឱ្យការដឹកជញ្ជូនតាមផ្លូវសមុទ្រកាន់តែលំបាក។ ដូច្នេះ ជំនួសឱ្យការទិញប្រេងរបស់ រុស្ស៊ី ក្រុមហ៊ុននានាកំពុងពិចារណាកាត់បន្ថយបរិមាណប្រេងឆៅដែលពួកគេអាចចាត់ការបាន នេះបើតាម Bloomberg។
ឥណ្ឌា ដែលជាប្រទេសមិនទាន់រិះគន់លើ រុស្ស៊ី ទាក់ទងនឹងសង្គ្រាមនៅ អ៊ុយក្រែន បច្ចុប្បន្ន សកម្មភាពទិញប្រេង Urals ក៏លែង «អ៊ូអរ» ដូចមុន។
ការប្រុងប្រយ័ត្ននេះត្រូវបានបង្ហាញកាន់តែច្បាស់ តាមរយៈតម្លៃប្រេងឆៅពីភាគខាងកើតរបស់ រុស្ស៊ី។ កាលពីដើមសប្ដាហ៍នេះ ប្រេង Sokol ប្រគល់ក្នុងខែឧសភា ត្រូវបានដាក់លក់ក្នុងតម្លៃទាបជាង ១៤ ដុល្លារ ក្នុង ១ ធុង បើធៀបនឹងតម្លៃប្រេងនៅ ឌូបៃ។ កាលពីដើមខែនេះ ប្រេង Sokol មានតម្លៃថ្លៃជាងប្រេងនៅ ឌូបៃ ជាង ១ ដុល្លារអាម៉េរិក ឯណោះ៕