Skip to content

អាជ្ញាធរ​កំពុង​ព​ន្លឿ​ន​រំ​ដោះយក​ប្រឡាយ​បឹងត្របែក​មកវិញ

ដើម្បី​សម្រួល​ដល់​ការអភិវឌ្ឍ និង​រៀបចំ​ប្រព័ន្ធ​រំដោះ​ទឹកស្អុយ​ចេញពី​កណ្ដាល​ក្រុង​បង្ហូរ​ចូល​អាង​ស្ដុក​ទឹក​បឹងត្របែក រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន និង​កំពុងធ្វើការ​ងារ​យ៉ាង​ដុតដៃដុតជើង​ក្នុងការ​ដោះស្រាយ​លើ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​បាន​រំលោភ​យក​ដី​ប្រឡាយ​បង្ហូរ​ទឹកស្អុយ​បឹងត្របែក​ខុសច្បាប់ ធ្វើយ៉ាងណា​ដើម្បី​បានមក​វិញ​នូវ​អាង​ស្ដុក​ទឹកស្អុយ​ដើម្បី​រំដោះ​ការ​ជន់​លិច​ក្នុង​រាជធានី​ភ្នំពេញ។

ឯកឧត្ដម អៀង អូន​នី អភិបាលរង​រាជធានី​ភ្នំពេញ​បានលើកឡើង​ថា ជា​រឿង​ចាំបាច់​ណាស់​ដែល​សាលា​រាជធានី​ភ្នំពេញ​ត្រូវតែ​ធ្វើការ​ដោះស្រាយ​លើ​ប្រឡាយ​បឹងត្របែក និង​អាង​ស្តុក​ទឹកស្អុយ​បឹងត្របែក​ឱ្យបាន​ឆាប់រហ័ស​បំផុត បើ​ពុំ​ដូច្នោះ​ទេ​នឹង​អាចធ្វើឱ្យ​មានការ​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​គម្រោង​នានា​ដែលមាន​ដូចជា ការចាក់​បេតុង​ការពារ​មាត់​ប្រឡាយ និង​រៀបចំ​ស្ថានីយ​បូមទឹក និង​គម្រោង​ប្រព័ន្ធ​លូ​នានា​របស់​អង្គការ​ JICA  ដែល​បម្រើ​ដល់​ការបូមទឹក​ស្អុយ​ចេញពី​តំបន់​កណ្ដាល​ក្រុង​ទៅ​ចូល​ស្ថានីយ​បូមទឹក​បឹងត្របែក។

អាង​ស្ដុក​ទឹកស្អុយ​បឹងត្របែក​មាន​ទំហំ30ហិកតា ប៉ុន្ដែ​ត្រូវបាន​ប្រជាជន​ចាក់ដី​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ដែល​សព្វថ្ងៃ​នៅសល់​មិន​ដល់10ហិកតា​ផង។ យោងតាម​របាយការណ៍​អាជ្ញាធរ​ខណ្ឌចំការមន​បង្ហាញថា ប្រជាពលរដ្ឋ​រស់នៅ​ប៉ះពាល់​ដល់​ផ្ទៃ​ទឹកស្អុយ​បឹងត្របែក​សរុប​មានផ្ទះ​ចំនួន676ខ្នង ដែល​ត្រូវ​ចែកចេញជា3តំបន់ គឺមាន​ប្រជាពលរដ្ឋ​រស់នៅ​តាម​មា​ត់​ប្រឡាយ​មានផ្ទះ​ចំនួន378ខ្នង  ប្រជាពលរដ្ឋ​រស់នៅ​តាម​មាត់​អាង​មាន​ចំនួន​ផ្ទះ195ខ្នង និង​ប្រជាពលរដ្ឋ​រស់នៅក្នុង​បឹង​តែម្តង តែ​ពុំ​មានផ្ទះ​និង​បាន​ចាប់យក​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​មាន​ចំនួន100ក្បាលដី។

ជាមួយគ្នានេះ​ឯកឧត្ដម​អភិបាលរង​រាជធានី​ភ្នំពេញ​ក៏បាន​ជំ​រុញឱ្យ​អាជ្ញាធរ​ខណ្ឌ​ចុះ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ឱ្យបាន​ច្បាស់លាស់​អំពី​ទំហំ​នៃ​ផលប៉ះពាល់ និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដែល​ចង់ឱ្យ​អាជ្ញាធរ​ធ្វើការ​ដោះស្រាយ​ដើម្បី​ធ្វើយ៉ាងណា​ព​ន្លឿ​ន​ការដោះស្រាយ និង​ធ្វើការ​អភិវឌ្ឍ​ឱ្យបាន​ឆាប់រហ័ស​ទៅលើ​ការងារ​នេះ។

យោងតាម​របាយការណ៍​ពី​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​បញ្ជាក់ថា ក្នុងមួយឆ្នាំៗសំរាម​ដែល​ត្រូវបាន​កាយ​ចេញពី​ប្រឡាយ​ទឹកស្អុយ​បឹងត្របែក​មាន​ក្នុង​រង្វង់350ឡាន និង​ដឹក​ចេញពី​តំបន់​នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *