ការជ្រើសរើសជំនាញជារឿងយ៉ាងសំខាន់មួយសម្រាប់ការរៀបចំដំណើរអនាគត ព្រោះដំណាក់កាលនេះជាដំណាក់កាលនៃការចាប់ផ្តើមដំណើរជីវិតឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់។
ការជ្រើសរើសជំនាញ ក៏ជាដំណាក់កាលសម្រេចជោគវាសនារបស់ខ្លួន ព្រោះអនាគតរបស់សិស្សនិស្សិតម្នាក់ៗស្ថិតនៅក្នុងកណ្តាប់ដៃរបស់ខ្លួនហើយ ព្រោះបន្ទាប់ពីជ្រើសរើសជំនាញហើយ អ្នកនឹងត្រូវដើរតាមផ្លូវនេះអស់មួយជីវិតប្រសិនបើអ្នកជ្រើសរើសត្រូវ តែប្រសិនបើអ្នកជ្រើសរើសខុសវិញ អ្នកក៏នឹងជួបបញ្ហាក្នុងជីវិតដូចទៅនឹងជ្រើសរើសគូស្រករខុសដូច្នោះដែរ។
1.ជ្រើសរើសជំនាញខុសខាតពេលវេលាកសាងខ្លួនឡើងវិញ
អ្នកដែលជ្រើសរើសជំនាញខុស ភាគច្រើនត្រូវខាតបង់ពេលវេលាដើម្បីចាប់ផ្តើមដំណើរជីវិតសិក្សារបស់ខ្លួនឡើងវិញ បន្ទាប់ពីបានសិក្សាអស់រយៈពេលជាច្រើនឆ្នាំតែមិនអាចអភិវឌ្ឍខ្លួនឯងបានល្អ។ ចំណុចនេះ វាមិនខុសពីការជ្រើសរើសគូស្រករខុស ហើយលែងលះទៅចាប់ផ្តើមជីវិតសាជាថ្មី ដែលធ្វើឱ្យខាតបង់ពេលវេលាច្រើន។ ការបកមករៀនសាដើម ដើម្បីស្វែងរកនូវអ្វីដែលខ្លួនស្រឡាញ់អាចធ្វើឱ្យនិស្សិតត្រូវខាតពេល ហើយដើរយឺតជាងគេ ព្រោះមិត្តភ័ក្តិរបស់គាត់អាចនឹងបញ្ចប់ការសិក្សាមុនគាត់ 2 ឬ3 ឆ្នាំឯណោះ។
2.ជ្រើសរើសជំនាញខុសបាត់បង់កិត្តិយសខ្លះ
ការជ្រើសរើសជំនាញខុស នឹងធ្វើឱ្យយើងទ្រាំរស់នៅជាមួយនឹងស្ថានភាពដែលខ្លួនមិនពេញចិត្ត អានសៀវភៅដែលមិនចង់អាន ឬស្តាប់នូវអ្វីដែលមិនមែនជាចំណង់ចំណូលចិត្ត។ កត្តានេះ បានធ្វើឱ្យពួកគេចាំបាច់ត្រូវតែដើរចេញពីមុខវិជ្ជានេះ បើទោះបីជាពួកគេដឹងខ្លួនថា ការចាកចេញនេះអាចធ្វើឱ្យគេបាត់បង់ទំនុកចិត្តពីក្រុមគ្រួសារ ឬអ្នកនៅជុំវិញខ្លួនក៏ដោយ។
3.ជ្រើសរើសជំនាញខុសខាតថវិកាច្រើន
ជាធម្មតាទេ នៅពេលដែលមនុស្សណាម្នាក់ដើរចេញពីសាលា ដើម្បីទៅសិក្សាជំនាញថ្មីមួយទៀតដែលខ្លួនស្រឡាញ់ ជារឿងដែលត្រូវចាយលុយ តែអ្វីដែលកាន់តែសំខាន់នោះគឺសោហ៊ុយក្នុងការសិក្សាកន្លងមកគឺច្រើនលើសលុប បើប្រៀបធៀបជាមួយនឹងតម្លៃបង់ថ្លៃសាលាតែមួយមុខ។ ក្រៅពីនេះ អ្នកសិក្សារូបនោះក៏ខាតពេលក្នុងការធ្វើការងារ ដែលត្រូវយឺតជាងគេច្រើនឆ្នាំ ដែលចំណុចនេះសុទ្ធតែធ្វើឱ្យគាត់ខាតបង់ពេលវេលារកប្រាក់ចំណូលក្នុងជីវិតរបស់គាត់៕