ក្រុមហ៊ុនខ្នាតយក្ស Hyundai របស់ កូរ៉េខាងត្បូង កំពុងរៀបគម្រោងវិនិយោគប្រហែល ១៦ ពាន់លានដុល្លារ និងបង្កើនទ្វេដងនៃចំណែកទីផ្សាររបស់ខ្លួននៅក្នុងទីផ្សាររថយន្តអគ្គិសនីទូទាំងសកលលោក។
ក្រុមហ៊ុន Hyundai គ្រោងនឹងបង្កើនចំណែកទីផ្សារឡើង ៧% នៅឆ្នាំ ២០៣០ ក្នុងគ្រាដែលការប្រកួតប្រជែងពីបណ្ដាក្រុមហ៊ុនថ្មីៗ និងបណ្ដាក្រុមហ៊ុនជាគូប្រជែងចាស់ៗ កំពុងឡើងកំដៅខ្លាំង។
ព័ត៌មានខាងលើត្រូវបានលើកឡើងកាលពីសប្ដាហ៍មុន ដោយលោក Jaehoon Chang ដែលជាអគ្គនាយកប្រតិបត្តិរបស់ Hyundai Motor។
ក្រុមហ៊ុនផលិតរថយន្តដែលដឹកនាំដោយមហាសេដ្ឋីកូរ៉េខាងត្បូង លោក Euisun Chung កំពុងជំរុញការវិនិយោគទៅលើទីផ្សាររថយន្តអគ្គិសនីទូទាំងពិភពលោក ដែលគ្រោងនឹងបង្កើនល្បឿននៅក្នុងប៉ុន្មានឆ្នាំខាងមុខ ដើម្បីសមស្របជាមួយគោលដៅកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់របស់បណ្ដារដ្ឋាភិបាលក្នុងពិភពលោក។
យោងតាមការព្យាកររបស់ Market Research ទីផ្សាររថយន្តអគ្គិសនីនឹងមានតម្លៃ ៩៥៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០៣០ ជាមួយនឹងកំណើនដែលមានល្បឿនទ្វេដងជារៀងរាល់ឆ្នាំគឺ ២៤.៥% ធៀបនឹងឆ្នាំនេះ។