មាសក្នុង ១ អោន ឡើងដល់ ២,០៦៩ ដុល្លារ ខ្ពស់បំផុតក្នុងរយៈពេល ១៨ ខែកន្លងមកនេះ ចំណែកតម្លៃប្រេង Brent ឡើងដល់ ១៣២ ដុល្លារ ខ្ពស់បំផុតក្នុងអំឡុងជាង ១៣ ឆ្នាំ។
បញ្ចប់ការជួញដូរក្នុងថ្ងៃទី ៨ មីនា មាសពិភពលោកប្រគល់ភ្លាម កើន ៥៤ ដុល្លារ/អោន ឡើងដល់ ២,០៥២ ដុល្លារ។ ក្នុងការជួញដូរ មានពេលខ្លះ មាសឡើងដល់ ២,០៦៩ ដុល្លារ ខ្ពស់បំផុតរាប់ចាប់ពីខែសីហា ២០២០។ បច្ចុប្បន្ន មាស ១ អោន (១ អោន ឬ ounce ប្រហែល ៨.៣ ជី) ត្រូវបានលក់ក្នុងរង្វង់ ២,០៤៧ ដុល្លារ។
អ្នកវិនិយោគនាំគ្នាសម្រុកទិញលោហធាតុមានតម្លៃ ដើម្បីរក្សាសុវត្ថិភាពសម្រាប់ទ្រព្យរបស់ពួកគេ ដោយសារតែវិបត្តិសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន។ ចាប់ពីដើមឆ្នាំ តម្លៃមាសបានកើន ១២%។ ប្រធានាធិបតីអាម៉េរិក កាលពីម្សិលមិញ បានប្រកាសហាមឃាត់ការនាំចូលប្រេង និងផលិតផលថាមពលផ្សេងៗពី ប្រទេសរុស្ស៊ី។ អង់គ្លេស ក៏បានអះអាងថា នឹងផ្អាកការនាំចូលប្រេង និងផលិតផលធ្វើអំពីប្រេងរបស់ រុស្ស៊ី ក្នុងឆ្នាំនេះ។
«ការរួមផ្សំរវាងតម្លៃថាមពល ធញ្ញជាតិ លោហធាតុដែលឡើងខ្ពស់ កំពុងបង្កសម្ពាធដល់អតិផរណា។ នេះនឹងបន្តជាកត្តាសំខាន់ជួយឱ្យមាសកាន់តែឡើងថ្លៃខ្ពស់» David Meger ប្រធានផ្នែកជួញដូរលោហធាតុមានតម្លៃប្រចាំ High Ridge Futures អះអាងដូច្នេះ។ លោកបន្ថែមថា «ទន្ទឹមនឹងនេះ ការដែលអ្នកវិនិយោគស្វែងរកមាស នៅពេលទីផ្សារមូលបត្រដាំក្បាលចុះព្រោះតែហានិភ័យផ្នែកភូមិសាស្ត្រនយោបាយ» ក៏កំពុងជួយឱ្យមាសឡើងថ្លៃជាបន្តបន្ទាប់។
នៅលើទីផ្សារប្រេងឆៅ ប្រេង WTI ម្សិលមិញ មាននិន្នាការកើន ៧% ឡើងដល់ ១២៨ ដុល្លារ/ធុងបារ៉ែល។ ប៉ុន្តែ បញ្ចប់ការជួញដូរ កំណើននេះនៅសល់ ៣.៦%។ ប្រេង Brent ក៏មានពេលខ្លះកើន ៧.៧% ឡើងដល់ ១៣២ ដុល្លារ មុនពេលត្រូវបានបញ្ចប់ការជួញដូរក្នុងថ្ងៃទី ៨ មីនា ជាមួយនឹងតម្លៃ ១២៣ ដុល្លារ/ធុង។
តម្លៃប្រេងឆៅបានកើន ៣០% ចាប់តាំងពី រុស្ស៊ី បានចូលឈ្លានពាន ប្រទេសអ៊ុយក្រែន ធ្វើឱ្យបណ្ដាប្រទេសបច្ចិមលោក ដាក់ទណ្ឌកម្មជាបន្តបន្ទាប់ និងមិនធ្លាប់មានពីមុនមកលើ រុស្ស៊ី។
រុស្ស៊ី គឺជាប្រទេសដែលនាំចេញប្រេងឆៅធំជាងគេលំដាប់ទីពីរក្នុងពិភពលោក។ ពួកគេបច្ចុប្បន្ន នាំចេញប្រេងឆៅ និងប្រេងឥន្ធនៈទៅកាន់ពិភពលោក ពី ៧ ទៅ ៨ លានធុងជារៀងរាល់ថ្ងៃ៕