យប់មិញក្រុមហ៊ុន Apple បើកសម្ពោធទូរស័ព្ទ iPhone 8 / 8 Plus និងទូរស័ព្ទ iPhone X ដែលមានការរចនាឡើងប្លែក និងស្រស់ស្អាត ដោយភ្ជាប់ជាមួយនឹងមុខងារប្រើប្រាស់ថ្មីៗជាច្រើន ដែលធ្វើឱ្យអ្នកគាំទ្រមួយចំនួនធំទ្រាំមិនទិញមិនបាន។ Apple នឹងដាក់ឱ្យធ្វើការ Pre-Order ចាប់ពីថ្ងៃទី15 ខាងមុននេះតទៅ ហើយវានឹងចេញលក់ក្នុងទីផ្សារទូទាំងពិភពលោកនៅថ្ងៃទី22 ខែកញ្ញា ឆ្នាំ 2017 ហើយទីផ្សារកម្ពុជា អាចនឹងមានលក់តាមហាងនាំចូលក្រោយគ្នាបន្ដិចដូចរាល់ៗឆ្នាំដែរ។ គ្រាន់តែថា ការមកដល់នោះ មិនមែនជាផលិតផលផ្លូវការ មិនមានការធានាពីក្រុមហ៊ុន និងអាចមានតម្លៃថ្លៃកប់ពពកក្នុងពេល 2 ឬ 3 សប្ដាហ៍ដំបូង។
អ្វីទាំងអស់នេះ វានឹងធ្វើឱ្យអ្នកប្រើប្រាស់ខ្មែរយើងអាចខាតបង់ទាំងលុយកាក់ និងផលប្រយោជន៍ផ្សេងៗ ប្រសិនបើទប់ចិត្តមិនបាន ចង់ទិញស្មាតហ្វូនទាំងនោះយកមកប្រើឱ្យបានមុនគេ។ ជាទូទៅពេល iPhone ចេញថ្មីម្ដងៗ តម្លៃក្នុងទីផ្សារខ្មែរយើងអាចខុសគ្នាពីតម្លៃដើម ដល់ទៅ 300 ទៅ 400 ដុល្លារ ហើយបើពណ៌ណាត្រូវប៉ាន់ផង អាចខុសគ្នាច្រើនជាងនេះក៏មាន។
លោក អ៊ូ ភានិត ប្រធានផ្នែកលក់នៃក្រុមហ៊ុន Falcon Tech ដែលជាក្រុមហ៊ុនទទួលសិទ្ធិស្របច្បាប់ក្នុងការចែកចាយផលិតផល Apple សម្រាប់ទីផ្សារកម្ពុជា បានឱ្យដឹងតាមរយៈទូរស័ព្ទថា សម្រាប់វត្តមានទូរស័ព្ទជំនាន់ថ្មី iPhone 8 / 8 Plus និង iPhone X ខាងក្រុមហ៊ុនលោកនៅមិនទាន់មានដំណឹងច្បាស់ការណាមួយនៅឡើយទេ។ ចំពោះវត្តមានក្នុងទីផ្សារកម្ពុជានៅពេលណា ក៏ខាងលោកមិនទាន់អាចជម្រាបបានដែរ ។ ប៉ុន្តែលោកថា ខាងលោកកំពុងស្នើទៅខាង Apple ធ្វើយើងណា ឱ្យដំណើរការលក់អាចប្រព្រឹត្តទៅលឿនជាងរាល់ឆ្នាំ ដើម្បីអាចបំពេញតម្រូវការអតិថិជនខ្មែរយើងបានលឿន។
លោកថា៖ «ពេលនេះខាងយើងមិនទាន់អាចជម្រាបព័ត៌មានអ្វីបានទាំងអស់។ ប៉ុន្តែខាងក្រុមហ៊ុន Falcon នឹងព្យាយាម បើមានដំណឹងអ្វីថ្មី»។
ប្រធានផ្នែកលក់ខាងលើបានឱ្យទៀតថា ចំពោះតម្លៃ iPhone 8 / 8 Plus និង iPhone X ពេលមកដល់កម្ពុជា អាចមានការប្រែប្រួលខ្លះពីតម្លៃដើម អាស្រ័យលើពន្ធនាំចូល និងលក្ខខណ្ឌមួយចំនួនទៀត ប៉ុន្តែមិនច្រើនទេ។ យ៉ាងណា លោកស្នើឱ្យអ្នកប្រើប្រាស់ជួយគាំទ្រផលិតស្របច្បាប់ ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនពី Apple ព្រមជាមួយនឹងតម្លៃដែលល្អ។
លោកពន្យល់ថា បើចំនួនអ្នកប្រើប្រាស់នៅកម្ពុជា កើនឡើងច្រើន Apple អាចសម្រេចផ្ដល់អ្វីពិសេសៗច្រើនដល់ទីផ្សារមួយនេះ ទាំងតម្លៃ រយៈពេលចេញលក់ ព្រមជាមួយនឹងការអភិវឌ្ឍកម្មវិធី Software សម្រាប់ខ្មែរយើងផ្ទាល់ផងដែរ។ មួយវិញទៀត អ្នកប្រើប្រាស់ក៏មិនខាតបង់លុយលើការចំណាយខ្ពស់ពេលទូរស័ព្ទមានលក់តាមហាងនាំចូលដំបូង ដែលនាំឱ្យខាតប្រយោជន៍ពីការធានា ពេលមានបញ្ហាណាមួយកើតឡើងទៀតផង។ ចំពោះទីផ្សារកម្ពុជា គ្រប់ផលិតផលទាំងអស់នឹងមានការធានារយៈពេល1ឆ្នាំពី Apple និងធានាដូរថ្មីវិញក្នុងរយៈពេល 30ថ្ងៃ ក្នុងករណីមានបញ្ហាខាងបច្ចេកទេស៕