ភ្នំពេញៈ តារាសម្តែងស្រីសម្បុរស្រអែម ញញឹមស្រស់ អ្នកនាង សារ៉ាយ សក្ខណា ដែលស្វាមីជាអាណិកជនអាមេរិកមានដើមទុនរាប់សិបម៉ឺនដុល្លារ ដែលទើបតែបើកហាងកែសម្ផស្ស XENO ហើយមមាញឹកការងាររកស៊ីខ្លាំងសឹងតែផ្តាច់ខ្លួនចេញផុតពីការងារសិល្បៈទៅហើយនោះ ឥឡូវក៏ស្រាប់តែចាប់បានឱកាសកើបប្រាក់ពីវិស័យសិល្បៈសាជាថ្មីឡើងវិញ ដោយនាងនឹងត្រូវចេញទៅសម្តែងនៅប្រទេសអូស្រ្តាលីនាថ្ងៃទី៥ ខែ ៥ ខាងមុខនេះ។
ឱកាសចាកចេញទៅសម្តែងក្នុងកម្មវិធីសិល្បៈនោះ ក្រៅពីតារាសម្តែងស្រី ដែលមានស្វាមីជាមេធាវីអាណិកជនមកពីសហរដ្ឋអាមេរិក លោក កែវ មន្រ្តី និងបានពង្រីកការងាររកស៊ីជូនម្តាយគឺហាងស៊ុប យីហោ «Sakhana Family Soup» ស្ថិតនៅក្បែរភោជនីយដ្ឋានហេងហេង ម្ដុំទួលគោកនោះ ក៏ឃើញវត្តមានតារាចម្រៀងស្រីពីរដួងទៀតចូលរួមដែរមានតារាចម្រៀងស្រីអ្នកនាង ឈួន ស្រីម៉ៅ និងអ្នកនាង យ៉ាន លីនដា ដែលអតីតជាភរិយារបស់លោក យ៉ែម សំអូន។
យ៉ាងណាគេក៏មិនបានដឹងច្បាស់ការសម្តែងមានប៉ុន្មានថ្ងៃ ក្នុងគោលដៅអ្វី និងត្រូវវិលត្រឡប់មកវិញពេលណាដែរ ខណៈពេលនេះតារាសម្តែងស្រីបានថតឈុតកុនបញ្ចប់រឿង «ក្រមុំកូន១» ដែលនៅសល់ឲ្យផលិតកម្ម Red Picture និងកុនថ្មីពីររឿងឲ្យផលិតកម្មពីរផ្សេងគ្នា នាពេលអមដំណើរស្វាមីរកទីកន្លែងបើកហាងកែសម្ផស្ស កំពុងតែរួមរស់ជុំស្វាមីនៅឯសហរដ្ឋអាមេរិក មិនអាចទំនាក់ទំនងសាកសួរបានឡើយ។ តែបើតាមប្រសាសន៍របស់អ្នកស្រី ផាន់ សម្ផស្ស ជាម្តាយរបស់តារាសម្តែងស្រី សារ៉ាយ សក្ខិណា បង្ហើបប្រាប់ថា៖ «ការសម្តែងនោះដូចជាត្រូវបានសមាគមខ្មែរនៅអូស្រ្តាលីអញ្ជើញគាត់ [សក្ខណា] ទៅ ហើយខ្ញុំក៏មិនដឹងច្បាស់ដែរថា មានចំនួនប៉ុន្មានថ្ងៃ តែដូចជាឮថា មានរយៈពេលមិនយូរឡើយគឺប្រហែលរយៈពេលខ្លីតែប៉ុណ្ណោះ»។ អ្នកស្រី ផាន់ សម្ផស្ស ក៏បានប្រលយឲ្យដឹងបន្តថា៖ «គាត់មិនប្រាប់ថា នឹងត្រូវមកស្រុកខ្មែរវិញសិននោះទេ ប្រហែលជាគាត់ចេញដំណើរពីអាមេរិកឆ្ពោះទៅកាន់ប្រទេសអូស្រ្តាលី តែម្តងហើយមើលទៅ។ ឯរឿងមើលការខុសត្រូវលើហាងកែសម្ផស្ស ដែលពីមុនគ្មានអ្នកមើលនោះ ឥឡូវនេះនាងដូចជារកបានអ្នកមើលការខុសត្រូវជំនួសហើយដែរ ទើបបានជានាងហ៊ានព្រលែងដៃបែបនេះ»៕