កាលពីថ្ងៃទី ៦ មីនា បណ្ដាញសង្គម TikTok បានប្រកាសផ្អាកសេវាបង្ហោះវីដេអូថ្មី និងគ្រប់ប្រភេទពី ប្រទេសរុស្ស៊ី ដើម្បីធានាសុវត្ថិភាពចំពោះបុគ្គលិក និងក្រុមហ៊ុន ក៏ដូចជាគោរពតាមបទបញ្ជាថ្មីរបស់ ក្រុងមូស្គូ ស្ដីពីការប្រឆាំងព័ត៌មានក្លែងក្លាយ។
បណ្ដាញសង្គម Tiktok បានបន្ថែមថា សេវាកម្មផ្ញើសារក្នុងបណ្ដាញសង្គមនេះនឹងមិនរងផលប៉ះពាល់ពីការផ្អាកខាងលើនេះទេ។ ក្រុមហ៊ុននេះក៏នឹងបន្តវាយតម្លៃស្ថានការណ៍នៅ រុស្ស៊ី ដើម្បីធ្វើការភ្ជាប់សេវាកម្មទាំងស្រុងឡើងវិញឱ្យបានសមស្របតាមពេលវេលា និងការជាក់ស្ដែង។
កាលពីថ្ងៃទី ៤ មីនា ប្រធនាធិបតីរុស្ស៊ី លោក ពូទីនបានចុះហត្ថលេខាអនុវត្តច្បាប់ពិន័យដាក់ពន្ធនាគារឡើងដល់ ១៥ ឆ្នាំ ចំពោះបុគ្គលដែលត្រូវបានចោទពីបទបង្ហោះព័ត៌មានក្លែងក្លាយស្ដីពី កងទ័ពរុស្ស៊ី ក្នុងគ្រាដែល ក្រុងមូស្គូ កំពុងធ្វើសង្គ្រាមនៅ អ៊ុយក្រែន។
ច្បាប់ថ្មីខាងលើនឹងដាក់ពិន័យជាប្រាក់ចាប់ពី ៧០០,០០០ ដល់ ១.៥ លានរូប្លរុស្ស៊ី ឬពិន័យដាក់ពន្ធនាគារ ៣ ឆ្នាំ។ បើសិនប្រើប្រាស់មុខតំណែងដើម្បីបង្ហោះសារក្លែងក្លាយ ឬបង្ហោះសារក្លែងក្លាយដើម្បីរកប្រាក់ នឹងត្រូវបានពិន័យ ៥ លានរូប្ល ឬជាប់ពន្ធនាគារពី ៥ ដល់ ១០ ឆ្នាំ។ បុគ្គលល្មើសនឹងត្រូវជាប់ពន្ធនាគារពី ១០ ទៅ ១៥ ឆ្នាំ បើសិនព័ត៌មានក្លែងក្លាយរបស់ពួកគេបានធ្វើឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ។