ក្រុមហ៊ុនធុរកិច្ចថ្មី Zoundream នៅ ប្រទេសស្វ៊ីស និង អេស្ប៉ាញ អភិវឌ្ឍឧបករណ៍បច្ចេកវិទ្យាដ៏ចម្លែកមួយ ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មានជំនាញក្នុងការបកប្រែភាសារបស់ទារកទើបកើត។
យោងតាមនាយកប្រតិបត្តិរបស់ Zoundream លោក Roberto Iannone នៅពេលយំ ក្មេងតូចកំពុងទាររកអ្វីមួយ។ គំនិតរបស់ក្រុមហ៊ុននេះគឺចាប់ផ្ដើមពីការកំណត់ដឹងអំពីសំឡេងយំរបស់ទារក ដើម្បីបង្ហាញនូវតម្រូវការរបស់ពួកគេ។ ឧបករណ៍ថ្មីនេះ មានតួនាទីជាជំនួយការ ជួយឱ្យអាណាព្យាបាលយល់ច្បាស់អំពីកូនៗ។ ដូចនេះ ពួកគេនឹងមានទំនុកចិត្តក្នុងការសម្រេចចិត្ត និងយកចិត្តទុកដាក់បន្ថែមទៀតទៅលើរបៀបដែលទារកយំ និងតម្រូវការរបស់ពួកគេ។
Zoundream ប្រើប្រាស់កម្មវិធី AI ដើម្បីវិភាគលើសំឡេងយំរបស់ក្មេងនៅពាសពេញពិភពលោកក្នុងរយៈពេលរាប់ពាន់ម៉ោង។ ក្រោយមក ពួកគេបានបែងចែកសំឡេងយំជា ៤ ប្រភេទ៖ ឃ្លាន, ឈឺ, ទល់ពោះ (ដើរខ្យល់) និងចង់ឱប។
ដំបូង ក្រុមអ្នកវិទ្យាសាស្ត្ររបស់ Zoundream បានស្នើឱ្យអាណាព្យាបាលដាក់ឧបករណ៍ថតសំឡេងក្បែរកូនរបស់ពួកគេ។ ក្រោយមក ពួកគេចម្រាញ់យកតែសំឡេងយំរបស់ក្មេង។ នៅពេលមានទិន្នន័យពេញលេញ ពួកគេចាប់ផ្ដើមបង្កើតកម្មវិធីកុំព្យូទ័រ។ ជំហានបន្ទាប់ Zoundream សហការជាមួយបណ្ដាក្រុមហ៊ុន ដើម្បីដាក់លក់កម្មវិធីនេះនៅក្នុងទីផ្សារ។
«ក្នុង ៣ ឆ្នាំកន្លង យើងបានផ្ដល់ជូនឧបករណ៍ដែលមានឈ្មោះថា BabyT ដែលមានជំនាញក្នុងការស្វែងរក និងបកប្រែសំឡេងយំដល់គ្រប់គ្នាដែលត្រូវការដោយមិនគិតថ្លៃ។ ពួកគេអាចរក្សាទុកដល់ពេលណាក៏បាន ហើយយើងរក្សាទិន្នន័យសម្រាប់គោលដៅស្រាវជ្រាវ» លោក Iannone ឱ្យដឹងដូច្នេះ។