ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft Corp កាលពីថ្ងៃតី ៤ មីនា បានឱ្យដឹងថា នឹងផ្អាកលក់ផលិតផល និងសេវាកម្មថ្មីនៅ ប្រទេសរុស្ស៊ី ក្លាយជាក្រុមហ៊ុនលោកខាងលិចថ្មីមួយទៀតដែលកាត់ផ្ដាច់សកម្មភាពជំនួញជាមួយ រុស្ស៊ី ក្រោយពីប្រទេសនេះបានបើកការឈ្លានពាននៅ អ៊ុយក្រែន។
ក្រុមហ៊ុនបស្ចិមលោកជាច្រើន រួមមាន Apple Inc, Nike និង Dell Technologies ជាដើម បានផ្អាកការរកស៊ីជាមួយ រុស្ស៊ី ក្នុងគ្រាដែលបណ្ដាប្រទេសលោកខាងលិច ដាក់ទណ្ឌកម្ម។ កាលពីថ្ងៃទី ១ មីនា ក្រុមហ៊ុន Apple បានឱ្យដឹងថា ក្រុមហ៊ុននេះបានផ្អាករាល់សកម្មភាពលក់ផលិតផលរបស់ខ្លួននៅ រុស្ស៊ី។
ចំពោះក្រុមហ៊ុន Microsoft លោកប្រធាន Brad Smith ប្រាប់ថា ក្រៅពីការផ្អាកការលក់ផលិតផលថ្មី ក្រុមហ៊ុន Microsoft ក៏ផ្អាកមុខជំនួញដទៃផ្សេងទៀតរបស់ខ្លួននៅ រុស្ស៊ី ដោយយោងទៅតាមបទបញ្ជាស្ដីពីការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាល ប្រឆាំងនឹង រុស្ស៊ី ដែលបានលើកទ័ពចូលលុកលុយ ប្រទេសអ៊ុយក្រែន។