ភ្នំពេញៈ ការផ្គត់ផ្គង់ខុនដូបានចាប់ផ្តើមកើនឡើងយ៉ាងគំហុកហើយចាប់ពី ចុងឆ្នាំនេះទៅ ដោយការសិក្សាមួយបានរកឃើញថា ខុនដូចំនួន 11,300យូនីតទៀតនឹងត្រូវដាក់ចូលទីផ្សារនៅដំណាច់ឆ្នាំនេះ។
យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia ដែលបានបញ្ចប់កាលពីពេលថ្មីៗនេះបានរកឃើញថា ខុនដូចំនួន 1,911យូនីតត្រូវបានដាក់ចូលទីផ្សារក្នុងឆមាសទី1ឆ្នាំនេះ និងរំពឹងកើនឡើងដល់ 11,300យូនីតនៅដំណាច់ឆ្នាំនេះ សម្រាប់ចំនួនយូនីតខុនដូសរុប ដែលបានផ្គត់ផ្គង់តាំងពីមុនដល់ពេលបច្ចុប្បន្ន។
ការសិក្សាដដែលក៏បានរកឃើញផងដែរថា តម្លៃនៃការលក់ខុនដូប្រណីតបានធ្លាក់ចុះ1ភាគរយគិតត្រឹមឆមាសទី1ឆ្នាំនេះធៀបនឹងដំណាច់ឆ្នាំមុន ប៉ុន្តែនិន្នាការអ្នកទិញខុនដូមានការប្រែប្រួល ដោយអ្នកទិញខុនដូភាគច្រើនផ្តោតលើខុនដូដែលបានបញ្ចប់ការសាងសង់ជាជាងទិញគម្រោងដែលកំពុងសាងសង់។ លើសពីនេះអ្នកទិញខុនដូ គឺទិញសម្រាប់រស់នៅជាជាងសម្រាប់វិនិយោគ ហើយចំនួនប្រជាជនខ្មែរដែលទិញខុនដូបានកើនឡើងចន្លោះពី5ទៅ10ភាគរយ។
ខុនដូប្រភេទ High-end មានតម្លៃមធ្យម 3,108ដុល្លារ ខុនដូប្រភេទ Mid-end មានតម្លៃ 2,659ដុល្លារ និងខុនដូប្រភេទAffordable មានតម្លៃជាមធ្យម 1,498ដុល្លារក្នុងមួយម៉ែត្រការ៉េ។
អ្នកនាង អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia បានថ្លែងថា ស្ថានភាពទីផ្សារខុនដូមិនមានអ្វីគួរឲ្យបារម្ភនោះទេ បើទោះបីជាតម្លៃជួល និងតម្លៃលក់ចេញបានធ្លាក់ចុះក៏ដោយ។
យោងតាមការសិក្សារបស់ក្រុមហ៊ុន ប៊ុណ្ណារៀលធីគ្រុប ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះក៏បានរកឃើញដែរថា ចំនួនខុនដូបានកើនពី121គម្រោងដល់125គម្រោង និងចំនួនផ្ទះសរុបបានកើនពី 43,604យូនីត ដល់ចំនួន 47,204យូនីតក្នុងឆមាសទី1ឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក ស៊ុន ហួត នាយកផ្នែកទីផ្សារនៃគម្រោង Olympia CITY បានថ្លែងស្រដៀងគ្នាថា ស្ថានភាពនៃការលក់ខុនដូនៅឆ្នាំនេះមិនមានភាពប្រែប្រួលខុសពីឆ្នាំមុននោះទេ ប៉ុន្តែក្នុងស្ថានភាពបែបនេះការលក់ខុនដូក្នុងគម្រោងនេះមិនបានបញ្ចុះតម្លៃនោះទេ។ ខុនដូក្នុងគម្រោង Olympia City មានតម្លៃចន្លោះពី2,300 ទៅ2,600ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោកបន្តថា “ក្នុងចំណោមអ្នកទិញខុនដូក្នុងគម្រោងនេះមានប្រជាជនខ្មែរប្រមាណ70ភាគរយដែលអ្នកខ្លះទិញសម្រាប់ស្នាក់នៅ និងខ្លះទៀតទិញសម្រាប់ជួល”៕