ក្នុងព្រឹត្តិការណ៍កាលពីយប់មិញ ក្រៅពីទូរស័ព្ធ iPhone 8 និង X ហើយនោះ ក្រុមហ៊ុន Apple ក៏បានប្រកាសឱ្យអ្នកប្រើប្រាស់របស់ខ្លួនត្រៀមធ្វើការ Update លើប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី iOS 11 ផងដែរ ចាប់ពីថ្ងៃទី19 ខែកញ្ញា ឆ្នាំ2017 ខាងមុខនេះ។ ដូច្នេះសួរថា តើ iOS 11 ថ្មីនេះមានអ្វីខ្លះទៅដែលប្លែកពិសេសលើសពីជំនាន់មុន?
ប្រព័ន្ធប្រតិបត្តិការ iOS 11 បានកំណត់ស្តង់ដារថ្មីមួយ គឺអ្វីដែលប្រព័ន្ធប្រតិបត្តិការទូរស័ព្ទចល័តទំនើបបំផុតរបស់ពិភពលោកគួរតែមាន។ វាធ្វើឱ្យ iPhone ប្រសើរជាងមុន។ វាធ្វើឱ្យ iPad កាន់តែមានសមត្ថភាពជាងមុន។ ជាមួយiOS11នេះ iPhone និងiPad គឺជាឧបករណ៍ដែលមានឥទ្ធិពលបំផុត និងឆ្លាតវៃជាងគេ ដែលអ្នកប្រើមិនធ្លាប់មានពីមុន ហើយចំពោះ iOS ថ្មីនេះ វាមានចំណុចដែលប្លែក និងពិសេសមួយចំនួនដែលអ្នកគាំទ្រទាំងអស់គួរស្វែងយល់។
ប្រព័ន្ធដំណើរការល្អជាងមុន៖ វាជាអ្វីដែលអ្នកប្រើប្រាស់ត្រូវការបំផុត iOS 11 ត្រូវបាន Apple បង្កើតឡើងមានភាពស្រឡះល្អ រស់រវើក វៃឆ្លាត និងមានសមត្ថភាពកាន់តែខ្លាំង ការបើកប្រើប្រាស់កម្មវិធី និងល្បឿនការលេងហ្គេមកាន់តែល្អ។
ផ្ទៃប្រើប្រាស់ស្អាត និងស្រឡះល្អ៖ ចំពោះផ្ទៃប្រើប្រាស់នៅលើ iOS ទោះជាមិនសូវមានអ្វីប្លែកច្រើនមែន ប៉ុន្តែបើមើលឱ្យច្បាស់ វាមានភាពស្រឡះល្អ និងងាយស្រួលប្រើជាងមុន ហើយនៅលើ iPad វាបានបន្ថែមនូវ Dock ថ្មីដែលមានសណ្ឋាន និងរបៀបប្រើប្រាស់ដូចទៅនឹង macOS ដែរ។
Control Center៖ ម្ដងនេះ Apple បានដុសក្អែលស្អាតច្រើន ដោយបានបន្ថែមនូវផ្ទាំង Control Center ថ្មី រួមនឹងដាក់ចូលនូវមុខងារផ្លូវកាត់ចាំបាច់បំផុតសម្រាប់អ្នកប្រើ ដូចជាមុខងារចូលទៅបើកអ៊ីនធើណិត (3/4GLTE)ជាដើម។
App Store ថ្មី៖ ជំនាន់ថ្មីនេះ យើងទទួលបាន App Store ថ្មីសន្លាងដែលមានកម្មវិធីថ្មីៗជាច្រើនសម្រាប់ទាញយកទៅប្រើប្រាស់ ហើយ Apple បានកាត់ចោលនូវកម្មវិធី ឬហ្គេមទាំងឡាយណាដែលដំណើរការដោយប្រព័ន្ធ 32bit។ ចំណុចនេះ យើងនឹងមានតែកម្មវិធី និងហ្គេមល្អៗតែប៉ុណ្ណោះ។
មុខងារ និង Drag & Drop៖ សម្រាប់មុខងារប្រើសម្រាប់បែងចែកអេក្រង់ជា 2 ដែលវាមិនមែនជារឿងថ្មីទេសម្រាប់ស្មាតហ្វូន Android ប៉ុន្ដែវាថ្មី សម្រាប់ iOS នេះ ដោយយើងអាចទាញ រូបភាព អក្សរ និង File នានាពីកន្លែងមួយទៅមួយបានកាន់តែងាយ។ ប៉ុន្តែវាអាចប្រើបានតែលើ iPadប៉ុណ្ណោះ។
មុខងារទទួលដំណឹង Notification៖ Apple បានអនុញ្ញាតឱ្យឧបករណ៍របស់ខ្លួនមើលដំណឹងទូទៅបានទាំងអស់តែម្តង បើទោះជាដំណឹងមកច្រើនក៏ដោយ គ្រាន់តែអូសនៅលើ Lock Screen ប៉ុណ្ណោះ។
កាមេរ៉ាថ្មី៖ ក្រៅពីបន្ថែមសមត្ថភាពផ្នែក Hardware ក្រុមហ៊ុន Apple ក៏នៅពង្រីងបន្ថែមផ្នែក Software ផងដែរ។ ដោយ iOS 11 មានចំណុចល្អៗជាច្រើនជំនួសដល់ការថតរូប ដូចជា Live Photos មានបន្ថែមនូវមុខងារ Loop, Bounce, Long Exposure ហើយមុខងារថតរូប Portrait Mode មានបន្ថែម Menu ថ្មី ដែលអាចបើក Flash ពន្លឺ ឬ HDR នៅក្នុង Portrait mode និងមាន Effect បន្ថែមជាច្រើន និងពេលថតហើយយើងអាចកែកុនភាពព្រាល Portrait បាន។
Apple Music ថ្មី៖ Apple Music ថ្មីនេះ មានភាពស្រឡះ ងាយស្រួលស្វែងរកបទចម្រៀង មិនថាការស្វែករកតាម Album ឬ Playlist ឡើយ។
សារ Message ៖ សម្រាប់មុខងារនេះ Apple បានបន្ថែមនូវ Sticker, Emoji, Games ជាដើម ហើយថែមទាំងអាចបង្រួម Keyboard ឱ្យតូចទៅម្ខាងដើម្បីងាយស្រួលចុចដៃម្ខាងបានទៀតផង។
ARKit៖ ចំពោះចំណុចមួយចុងក្រោយនេះ វាជាបច្ចេកវិទ្យាថ្មី ដែលយើងអាចបង្កើតរូបភាពសិប្បនិម្មិត ជាមួយនឹងទិដ្ឋភាពពិតនៅខាងក្រៅបាន៕