ភ្នំពេញ៖ ជារៀងរាល់ព្រឹកប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងនៅតាមទីប្រជុំជនផ្សេងៗនៅទូទាំងប្រទេសកម្ពុជាតែងចូលទទួលទានអាហារនៅតាមអាហារដ្ឋាននានា ដូចជាបាយ គុយទាវ ឬបបរគ្រឿងជាដើម ដែលអាហារទាំងនោះភាគច្រើនគេដាក់សណ្តែកបណ្តុះស្រស់ដើម្បីបន្ថែមរសជាតិរបស់វា។
ដើម្បីឱ្យដឹងថា សណ្តែកបណ្តុះទាំងនោះជាសណ្តែកធម្មជាតិ ឬជាសណ្តែកដែលផ្ទុកសារធាតុគីមីនោះ អ្នកយកព័ត៌មានកាសែត ឡារ៉ែន បានជួបសម្ភាសជាមួយលោក ភុន រតនា អតីតនិស្សិត និងជាអ្នកឯកទេសដាំបន្លែធម្មជាតិនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូងដែលមានសំនួរ-ចម្លើយដូចខាងក្រោម៖
សំនួរ៖ ដើម្បីឱ្យប្រិយមិត្តអ្នកអានយើងលោកបានយល់ច្បាស់ ចូរប្អូនលើកឡើងត្រួសៗថា តើសណ្តែកបណ្តុះផ្ទុកសារធាតុគីមីនោះមានរូបរាង និងសណ្ឋានដូចម្តេចខ្លះ?
ចម្លើយ៖ ងាយស្រួលចំណាំទេបង លក្ខណៈសម្គាល់សណ្តែកបណ្តុះផ្ទុកសារធាតុគីមីនេះ យើងអាចមើលនឹងភ្នែកទទេបានដោយងាយ ទៅតាមលក្ខណៈសំខាន់ៗចំនួន3 ៖
ទី1.មានរាងថ្លោសធំៗ
ទី2.មានសម្បុរសក្បុស
និងទី3.មិនមានឫសដូចសណ្តែកធម្មជាតិនោះទេ ដោយសារគេដាក់ថ្នាំផ្តាច់ឫសឱ្យសណ្តែកនោះរីកថ្លោសបានល្អ។
សំនួរ៖ តើគេធ្វើដូចម្តេចបានជាសណ្តែកនោះមានសម្បុរស ថ្លោស ហើយគ្មានឬសដូច្នេះ? ហើយគេធ្វើបែបនេះដើម្បីប្រយោជន៍អ្វី?
ចម្លើយ៖ បាទបង គ្មានអ្វីជាជាងប្រយោជន៍ជាធំនោះទេ គេដាក់ថ្នាំគីមីច្រើនឱ្យសណ្តែកថ្លោសធំ និងសល្អ ហើយមានទម្ងន់ធ្ងន់លក់បានចំណេញច្រើន បើយើងជាអតិថិជនមិនបានដឹងប្រាកដជាទិញសណ្តែកសម្បុរស មិនយកសម្បុរមិនសូវ(ស)ល្អនោះទេ។ ការផ្តាច់ឫសនេះងាយស្រួលទេ គឺគ្រាន់តែអ្នកបណ្តុះយកអ័រម៉ូន(គីមី)មករោយលើសណ្តែកនោះ វានឹងផ្តាច់ឫសដោយឯកឯង រួចហើយដាក់ថ្នាំគីមីឱ្យសណ្តែកនោះឡើងសក្បុស ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកទិញ ឬអតិថិជនឱ្យលក់ឆាប់ដាច់។
សំនួរ៖ បើតាមប្អូនជាអ្នកជំនាញ តើការដាក់ថ្នាំនោះប៉ះពាល់សុខភាពឬទេ?
ចម្លើយ៖ ប្រាកដណាស់បង សារធាតុគីមីដែលដាក់ឱ្យសណ្តែកឡើងស ថ្លោស ឬផ្តាច់ឬសនេះ វាពិតជាប៉ះពាល់សុខភាពធ្ងន់ធ្ងរ ស្រដៀងទៅនឹងសារធាតុម្សៅបូរ៉ាក់ដែលគេដាក់លើចំណីអាហារដើម្បីឱ្យទុកបានយូរដូច្នោះដែរ ដែលវានឹងប៉ះពាល់សុខភាពទាំងរយៈពេលខ្លី និងវែង។ សម្រាប់រយៈពេលខ្លី វានឹងធ្វើឱ្យយើងរាករូស ក្អួតចង្អោរ ឈឺក្បាល វិលមុខជាដើម ចំណែកប៉ះពាល់រយៈពេលវែងវាបណ្តាលឱ្យរលាកក្រពះពោះវៀន កើតជំងឺបេះដូង ឈឺសន្លាក់រុំារ៉ៃជាដើម។ សារធាតុគីមីប្រភេទនេះនៅប្រទេសថៃ វៀតណាម ឬកូរ៉េ គេហាមមិនឱ្យប្រើប្រាស់ជាដាច់ខាត។
សំនួរ៖ ចុះសណ្តែកបណ្តុះតាមរបៀបធម្មជាតិគេសម្គាល់ដូចម្តេច ហើយមានវិធីសាស្ត្របណ្តុះបែបណាដែរ?
ចម្លើយ៖ វិធីសាស្ត្របណ្តុះងាយស្រួលទេ ដោយគ្រាន់តែយើងយកគ្រាប់សណ្តែកបាយដែលគ្មានផ្ទុកសារធាតុគីមី ហើយប្រើទឹកចម្រោះសុទ្ធល្អ ឬទឹកដែលមិនមានផ្ទុកសារធាតុគីមីមកដាក់បណ្តុះ នោះគេនឹងទទួលបានសណ្តែកបណ្តុះធម្មជាតិហើយ។ ចំណែកសណ្ឋានរបស់វាគេអាចសម្គាល់បានដោយឃើញមានឫស សម្បុរសរាងក្រម៉ៅ និងមិនសូវថ្លោសធំដូចសណ្តែកគីមីនោះទេ។ បើយើងបណ្តុះតាមរបៀបធម្មជាតិ គ្រាប់សណ្តែកបាយ1គីឡូក្រាម យើងនឹងទទួលបានសណ្តែកបណ្តុះ4-5គីឡូក្រាម ហើយបើសណ្តែកបណ្តុះតាមបែបគីមីវិញ គ្រាប់សណ្តែកបាយ1គីឡូក្រាម ទទួលបានសណ្តែកបណ្តុះដល់ទៅ9-10គីឡូឯណោះ។
សំនួរ៖ ជាចុងក្រោយតើប្អូនមានអ្វីផ្តាំផ្ញើទៅដល់ប្រជាពលរដ្ឋខ្មែរយើងដែរឬទេពាក់ព័ន្ធនឹងសណ្តែកបណ្តុះនេះ?
ចម្លើយ៖ បាទបង ជាធម្មតាសណ្តែកគីមីមានតម្លៃថោកជាងសណ្តែកធម្មជាតិ ប៉ុន្តែសណ្តែកគីមីនោះធ្ងន់ដោយសារតែសារធាតុទឹកច្រើន និងឡើងសដោយសារថ្នាំជួយឱ្យធំ តែវាប៉ះពាល់សុខភាព ចំណែកសណ្តែកធម្មជាតិមានតម្លៃថ្លៃបន្តិចមែន តែវាមានសារធាតុ Fibber និង Vitamin C ជួយដល់សុខភាពយើងបានច្រើន ដូច្នេះប្រជាពលរដ្ឋខ្មែរគួរទទួលទានបន្លែណា ដែលជួយដល់សុខភាពរបស់យើង មិនប៉ះពាល់សុខភាពនាំឱ្យខាតបង់ថវិកាថ្លៃព្យាបាលជំងឺ៕