(កាណាដា)-បាតុភូតបង្គោលពន្លឺកម្រឃើញ បានបង្ហាញខ្លួននៅភាគខាងជើងនៃខេត្ត Manitoba ក្នុងពេលអាកាសធាតុចុះត្រជាក់ខ្លាំង និងមិនមានខ្យល់។
Mark Matwick ដែលជាបុគ្គលិកនៅស្ថានីយប្ដូរចរន្តអគ្គិសនី Keewatinohk ក្បែរទីរួមស្រុក Gillam ភាគខាងជើងខេត្ត Manitoba របស់ កាណាដា ថតបានរូបភាពនៃបាតុភូតបង្គោលពន្លឺរាប់សិបដែលកំពុងចាក់ឡើងត្រង់ទៅលើមេឃ។ នេះបើតាមសារព័ត៌មាន Newsweek ចេញផ្សាយកាលពីថ្ងៃទី ២៨ កុម្ភៈ។
ក្រុមហ៊ុនថាមពល Manitoba Hydro ដែលជាស្ថាប័នគ្រប់គ្រងស្ថានីយ Keewatinohk បានឱ្យដឹងថា បាតុភូតចម្លែកនេះត្រូវបានហៅថា បង្គោលពន្លឺ។ នេះគឺជាបាតុភូតកម្រជួប ប៉ុន្តែ ជួនកាលកើតមានឡើងនៅភាគខាងជើង Manitoba ជាទីដែលអាកាសធាតុតែងតែចុះត្រជាក់ខ្លាំង សមស្របសម្រាប់បង្គោលពន្លឺបង្ហាញខ្លួន។
បង្គោលពន្លឺនេះគឺជាលទ្ធផលដែលកើតឡើងដោយសារគ្រាប់ល្អិតនៃទឹកកកក្នុងបរិយាកាស ធ្វើសកម្មភាពដូចទៅនឹងកញ្ចក់ឆ្លុះ ហើយចាំងប្លាតពន្លឺដែលចេញពីប្រភពនៅខាងក្រោម ក្នុងលក្ខខណ្ឌបរិយាកាសពេលយប់ចុះត្រជាក់ខ្លាំង និងមិនមានខ្យល់។