ក្រោយពីបានជួបការខកចិត្តជាបន្តបន្ទាប់នៅឯកីឡដ្ឋាន Wembley ក្រុម Tottenham Hotspur នឹងសម្លឹងរកការបញ្ចប់ភាពសំណាងអាក្រក់ផ្សេងៗដែលតាមពីក្រោយពួកគេនៅពេលធ្វើជាម្ចាស់ផ្ទះទទួលក្រុមជើងខ្លាំង Borussia Dortmund នៅរាត្រីនេះ នៅកីឡដ្ឋានជាតិរបស់អង់គ្លេសមួយនេះ។
វានឹងក្លាយជាការប្រជែងដណ្តើមពិន្ទុដ៏សំខាន់មួយ នៅពេលដែលក្រុម Spurs របស់លោក Mauricio Pochettino ចាប់ផ្តើមយុទ្ធនាការនៃក្របខ័ណ្ឌ Champions League របស់ពួកគេជាមួយនឹងក្រុមយក្សរបស់អាល្លឺម៉ង់មួយនេះ។
សម្រាប់ក្រុម Tottenham កីឡដ្ឋាន Wembley គឺជាកន្លែងដ៏គ្រោះថ្នាក់មួយដែលកំពុងតែរំខានដល់មហិច្ឆតារបស់ពួកគេក្នុងការប្រជែងដណ្តើមពានទាំងក្នុងស្រុក និងក្រៅស្រុក។ ក្រុមមាន់ខ្នាយមាស Tottenham បានបង្ខំចិត្តផ្លាស់ប្តូរទៅលេងនៅកីឡដ្ឋាន Wembley នៅពេលដែលកីឡដ្ឋាន White Hart Lane របស់ពួកគេកំពុងស្ថិតក្នុងការសាងសង់ជាថ្មី។
ប៉ុន្តែ បច្ចុប្បន្នក្រុម Spurs បានលេងការប្រកួតចំនួន12លើកមកហើយនៅកីឡដ្ឋាន Wembley ចាប់តាំងពីកីឡដ្ឋានចាស់របស់ខ្លួនត្រូវបានជួសជុល ដោយពួកគេដណ្តើមបានជ័យជម្នះត្រឹមតែ2លើកគត់ និងចាញ់ដល់ទៅ8លើក។ ភាពត្រដាបត្រដួសរបស់ក្រុម Tottenham នៅ Wembley បានកើតឡើងចំពេលដ៏សំខាន់កាលពីរដូវកាលមុនក្នុងក្របខ័ណ្ឌ Champions League ដោយនៅពេលនោះពួកគេដណ្តើមបានជ័យជម្នះតែ1លើកគត់ក្នុងការប្រកួតជម្រុះតាមពូល។
CSKA Moscow គឺជាក្រុមតែមួយដែលពួកគេបានផ្តួល ខណៈដែលការរងបរាជ័យពេលប្រកួតជាមួយនឹងក្រុម Monaco និង Bayer Leverkusen បានធ្វើឲ្យពួកគេធ្លាក់ចេញពីយុទ្ធនាការនោះតែម្តង។ លើសពីនេះទៅទៀត មានការខកចិត្តដ៏ធំបន្ថែមទៀតនៅ Wembley សម្រាប់ក្រុម Spurs នៅមុនពេលបញ្ចប់រដូវកាលមុន ខណៈដែលពួកគេបានចាញ់ក្រុម Chelsea ក្នុងការប្រកួតពាន FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល 4-2។ ប៉ុន្តែ Tottenham បានកម្តៅសាច់ដុំក្នុងការប្រកួតនេះ តាមរយៈការផ្តួលក្រុម Everton 3-០ ក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃសៅរ៍ ខណៈដែល Dortmund បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ លើទឹកដីក្រុម SC Freiburg ក្នុងការប្រកួតក្របខ័ណ្ឌ Bundesliga។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង1:45ទៀបភ្លឺ៕