ភ្នំពេញ៖ ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ណាត់ថាវុធ ភោធិសារ៉ូ បានសន្យាជំរុញឱ្យពាណិជ្ជករថៃទិញទំនិញកសិផលពីកសិករខ្មែរឱ្យបានកាន់តែច្រើនឡើងៗ ដើម្បីជួយលើកកម្ពស់ជីវភាពកសិករខ្មែរ ពិសេសពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនឱ្យមានជីវភាពកាន់តែប្រសើរឡើង។
ថ្លែងក្នុងសិក្ខាសាលា ស្តីពីការពង្រីកសក្តានុពលពាណិជ្ជកម្មតាមបន្ទាត់ព្រំដែនកាលពីម្សិលមិញនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតបានមានប្រសាសន៍បញ្ជាក់ថា វឌ្ឍនភាពដ៏ប្រសើរនៃទំនាក់ទំនងពាណិជ្ជកម្មរវាងថៃ និងកម្ពុជា ពិតជាមានសារៈសំខាន់នៃការធ្វើពិពិធកម្មទំហំពាណិជ្ជកម្មនៅតាមបន្ទាត់ព្រំដែន ដើម្បីលើកកម្ពស់ជីវភាពប្រជាជននៃប្រទេសទាំងពីរ និងការឈានទៅសម្រេចផែនការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីចំនួន14ពាន់លានដុល្លារនៅត្រឹមឆ្នាំ2020 ដែលប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានដាក់ចេញកាលពីពេលថ្មីៗនេះ។ ឯកឧត្តមមានប្រសាសន៍ដូច្នេះថា «ជំហររបស់អាជ្ញាធរថៃ គឺការជួយសម្រួលការដឹកជញ្ជូនទំនិញរបស់ពាណិជ្ជករកម្ពុជាទៅកាន់ប្រទេសទីបី និងការគាំទ្ររបស់ពាណិជ្ជករថៃក្នុងការជួយទិញទំនិញកសិផលកាន់តែច្រើនពីកម្ពុជា»។
ជាមួយគ្នានេះ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថាកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជាដែលសម្រេចបានជាមធ្យម7%រៀងរាល់ឆ្នាំ ក្នុងរយៈពេលជាងពីរទសវត្សរ៍ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មវិស័យកម្មន្តសាលធុនស្រាល ដើម្បីបន្តធ្វើសមាហរណកម្មទៅក្នុងបណ្តាញផលិតកម្មកម្រិតតំបន់ និងសកល។ ឯកឧត្តមរដ្ឋលេខាធិការក៏បានលើកយកគោលដៅអាទិភាពសំខាន់ៗនៃ «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ2014-1024» ដែលជា «យុទ្ធសាស្ត្រកំណើនថ្មី» ឬជាផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍចង្វាក់តម្លៃផលិតកម្មសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
ក្នុងនាមក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តមបានសន្យាជួយសម្រួលធុរជនថៃ តាមរយៈការផ្តល់ជូននូវភាពអនុគ្រោះជាមួយលក្ខខណ្ឌវិនិយោគពិសេសៗ ព្រមទាំងគោលនយោបាយលើកទឹកចិត្តល្អៗ ដើម្បីរួមចំណែកដល់ការពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគនៅតាមព្រំដែនកម្ពុជា-ថៃ សំដៅរក្សាតុល្យភាពជញ្ជីងពាណិជ្ជកម្ម និងធានាសេ្ថរភាពម៉ាក្រូសេដ្ឋកិច្ចប្រទេសទាំងពីរ។
យោងតាមទិន្នន័យរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងថៃក្នុងឆ្នាំ2014 មានចំនួន4,418លានដុល្លារអាមេរិក និងឆ្នាំ2016 មានចំនួន4,441លានដុល្លារអាមេរិក ពោលគឺបានកើនឡើង 0,6%។ ជាមួយគ្នានេះ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសថៃ ក្នុងឆ្នាំ2014 មានចំនួន 638លានដុល្លារអាមេរិក និងឆ្នាំ2016 មានចំនួន 944លានដុល្លារអាមេរិក ពោលគឺបានកើនឡើង 47,96% រីឯការនាំចូលរបស់កម្ពុជាពីប្រទេសថៃ ក្នុងឆ្នាំ2014 មានចំនួន 4,880លានដុល្លារអាមេរិក និងឆ្នាំ2016 មានចំនួន 4,607លានដុល្លារអាមេរិក ពោលគឺបានថយចុះ 4,49%៕