ក្រុមតោខៀវ Chelsea បានចាប់ផ្តើមយ៉ាងល្អឥតខ្ចោះចំពោះយុទ្ធនាការប្រជែងដណ្តើមពាន Champions League របស់ពួកគេ ខណៈដែលការស៊ុតបាល់បញ្ចូលទីយ៉ាងល្អពីសំណាក់ខ្សែបម្រើ Pedro និង Davide Zappacosta បានជួយឲ្យពួកគេលត់ក្រុម Qarabag យ៉ាងចាស់ដៃក្នុងលទ្ធផល 6-0 កាលពីថ្ងៃអង្គារ។
ក្រុមរបស់លោក Antonio Conte បានបង្ហាញពីទម្រង់លេងយ៉ាងល្អនៅពេលប្រកួតជាមួយនឹងក្រុមម្ចាស់ជើងឯករបស់អាស៊ែរបៃហ្សង់ ខណៈដែលការស៊ុតបាល់ពីចម្ងាយចូលទីយ៉ាងល្អរបស់ Pedro បានជួយឲ្យក្រុម Chelsea រកបានគ្រាប់បាល់នាំមុខមុននៅកីឡដ្ឋាន Stamford Bridge។
Zappacosta បានធ្វើការអបអរការបង្ហាញខ្លួនលើទឹកដីខ្លួនឯងជាលើកទី1របស់គេ ក្រោយពីបានផ្ទេរពីក្លិប Torino តាមរយៈការស៊ុតបាល់ពីចម្ងាយចូលទីយ៉ាងល្អដើម្បីរកគ្រាប់បាល់បញ្ចូលទីលើកទី1របស់គេ។ Chelsea បានបន្តធ្វើការគ្រប់គ្រងលើគូប្រកួតរបស់ខ្លួនទាំងស្រុង ខណៈដែលពួកគេបានស៊ុតបាល់បញ្ចូលទី4 គ្រាប់បន្តបន្ទាប់គ្នាទៀត ដើម្បីបំពេញការទទួលជ័យជម្នះដ៏រីករាយតែម្តង។ ស្របពេលជាមួយគ្នានេះ ខ្សែប្រយុទ្ធ Lionel Messi បានស៊ុតបាល់បញ្ចូលទី2គ្រាប់ក្នុងពេលក្រុម Barcelona ដណ្តើមបានជ័យជម្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល 3-០ លើក្រុមសេះបង្កង់ Juventus ដើម្បីចាប់ផ្តើមយុទ្ធនាការនៃក្របខ័ណ្ឌ Champions League របស់ពួកគេទាំងភាពជឿជាក់។
ក្រោយពីជួបបញ្ហាផ្ទៃក្នុងនៅរដូវក្តៅនេះ ការជួបប្រកួតជាមួយនឹងក្រុមម្ចាស់ជើងឯករងកាលពីឆ្នាំមុននៅលើទឹកដីខ្លួនឯង ប្រហែលវាមិនមែនជាការប្រកួតដែលក្រុម Barcelona ចង់បានឡើយ ប៉ុន្តែ Messi បានលេងយ៉ាងល្អឥតខ្ចោះដើម្បីជួយឲ្យ Barca ទទួលបាន3ពិន្ទុពេញ៕
ប្រភពពី៖ Sport24