ភ្នំពេញៈ សហរដ្ឋអាមេរិកបានជួយទិញទំនិញប្រើប្រាស់សម្រាប់ធ្វើដំណើរតម្លៃ100លានដុល្លារនៅកម្ពុជាដែលវិស័យនេះបានផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណ 10ម៉ឺននាក់។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក វីល្លៀម ហេដស៍ បានថ្លែងក្នុងកិច្ចប្រជុំតុមូលជាមួយនឹងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិនារសៀលថ្ងៃទី12 កញ្ញាម្សិលមិញថា កាលពីឆ្នាំមុនយើងបានបង្កើតឧស្សាហកម្មថ្មីសន្លាងមួយសម្រាប់កម្ពុជាដែលមានទឹកប្រាក់ 100លានដុល្លារសហរដ្ឋអាមេរិក ហើយវិស័យនេះបានផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណជា10ម៉ឺននាក់។
លោកបន្តថា “យើងជាអ្នកគាំទ្រដ៏ខ្លាំងក្លាមួយចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា យើងបានជួយកម្ពុជាក្នុងក្របខ័ណ្ឌការងារមួយដែលបានទាក់ទាញក្រុមហ៊ុនសម្លៀកបំពាក់ល្បីៗនៅក្នុងពិភពលោក រួមទាំងក្រុមហ៊ុនអាមេរិករាប់សិបទៀតផងដែរ។
លោកឯកអគ្គរដ្ឋទូតបានបន្តថា នៅឆ្នាំនេះយើងបានសម្ពោធកម្មវិធីកសិកម្មថ្មីមួយដែលបានគិតគូរចំពោះតម្លៃកសិផលទាបខ្លាំងដែលប៉ះពាល់ដល់កសិករកម្ពុជា យើងក៏បានជួយកម្ពុជាក្នុងការដោះស្រាយបញ្ហានៃផលិតភាពកសិកម្មទាប និងអសន្តិសុខស្បៀងរយៈពេលជាង20ឆ្នាំមកហើយ។
ជំនួបជាមួយអ្នកសារព័ត៌មានរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនេះជាផ្នែកមួយនៃការបង្ហាញជំហររបស់សហរដ្ឋអាមេរិកសម្រាប់រដ្ឋាភិបាលកម្ពុជាដែលឯកអគ្គរដ្ឋទូតអាមេរិកបានលើកឡើងថា សហរដ្ឋអាមេរិកមិនបានលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជាទេ ប៉ុន្តែកម្ពុជាបានទាញសហរដ្ឋអាមេរិកឲ្យចូលរួមពាក់ព័ន្ធ ហើយរដ្ឋាភិបាល និងប្រជាជនអាមេរិកមានការឈឺចាប់ពេលដែលកម្ពុជាប្រកាសថា អាមេរិកជាប់ពាក់ព័ន្ធនឹងការកកូរកកាយកម្ពុជាដែលតាមការពិតសហរដ្ឋអាមេរិកមិនបានពាក់ព័ន្ធសោះឡើយ។
លោក វីល្លៀម ហេដស៍ បានថ្លែងថា “ជាការពិត អាមេរិកមិនមែនជាប្រទេសស្មុគស្មាញ និងពិបាកធ្វើការជាមួយទេ តែសូមធ្វើមកលើយើងដោយយុត្តិធម៌ និយាយជាមួយយើងដោយស្មោះត្រង់ ធ្វើកិច្ចសហប្រតិបត្តិការគ្នាតាមដែលអាចធ្វើទៅបាន ប្រើប្រាស់អំណាចទីផ្សាររបស់យើងដើម្បីជាប្រយោជន៍របស់អ្នក ស្វាគមន៍កម្មវិធីជំនួយ និងក្រុមហ៊ុនរបស់យើង”៕