ក្រុមកំពូលអ្នកមានរបស់ ប្រទេសរុស្ស៊ី បានបាត់បង់ទ្រព្យ ៣៩ ពាន់លានដុល្លារ ក្នុងការជួញដូរភាគហ៊ុននៅផ្សារមូលបត្រ កាលពីថ្ងៃទី ២៤ កុម្ភៈ ក្នុងនោះ មហាសេដ្ឋី Vagit Alekperov ជាប្រធានរបស់ក្រុមហ៊ុន Lukoil បានបាត់បង់ប្រាក់ច្រើនជាងគេបង្អស់។
ក្រុមកំពូលមហាសេដ្ឋីរបស់ រុស្ស៊ី គឺជាក្រុមមនុស្សដែលទទួលរងសម្ពាធធ្ងន់ធ្ងរ និងអាចមើលឃើញច្បាស់បំផុត ពីភាពតានតឹងដែលកំពុងកើនឡើងខ្ពស់ រវាង រុស្ស៊ី និង អ៊ុយក្រែន។ ទ្រព្យសុទ្ធរបស់ពួកគេបានថយចុះទាបខ្លាំង បន្ទាប់ពី រុស្ស៊ី សម្រេចចិត្តចូលឈ្លានពានលើ អ៊ុយក្រែន។ យោងតាម Bloomberg Billionaires Index ក្នុងរង្វង់មិនដល់ ២៤ ម៉ោង ក្រុមមហាសេដ្ឋីរបស់ រុស្ស៊ី បានបាត់បង់ប្រាក់ ៣៩ ពាន់លានដុល្លារអាម៉េរិក។
សន្ទស្សន៍ MOEX របស់ រុស្ស៊ី បិទបញ្ចប់ការជួញដូរកាលពីថ្ងៃទី ២៤ កុម្ភៈ ជាមួយនឹងលទ្ធផល ធ្លាក់ថ្លៃ ៣៣% ជាការធ្លាក់ចុះដល់កម្រិតទាបបំផុតលំដាប់ទី ៥ ក្នុងប្រវត្តិសាស្ត្រនៃទីផ្សារមូលបត្រ បើគិតទៅតាមតម្លៃរូបិយប័ណ្ណក្នុងស្រុក។
មហាសេដ្ឋី Vagit Alekperov ដែលជាប្រធានក្រុមហ៊ុន Lukoil គឺជាអ្នករងការខាតបង់ច្រើនជាងគេបង្អស់កាលពីម្សិលមិញ។ អ្នកជំនួញនេះ បានបាត់បង់ទ្រព្យជិត ១/៣ នៃទ្រព្យសរុបរបស់ខ្លួន ក្នុងអំឡុងពេលតែ ១ ថ្ងៃ ហើយបច្ចុប្បន្ន លោកនៅសល់ទ្រព្យ ១៣ ពាន់លានដុល្លារអាម៉េរិក។ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតប្រេង Lukoil ដែលមានទីស្នាក់ការកណ្ដាលនៅ មូលស្គូ ធ្លាក់ថ្លៃ ៣៣% ក្នុងការជួញដូរកាលពីថ្ងៃទី ២៤ កុម្ភៈ។
Alexey Mordashov ប្រធានក្រុមហ៊ុនផលិតដែកថែប Severstal បានបាត់បង់ ៤.២ ពាន់លានដុល្លារ នៅសល់ ២៣ ពាន់លានដុល្លារ។ ប្រធានក្រុមហ៊ុន Norilsk Nickel គឺលោក Vladimir Potanin ដែលជាបច្ចុប្បន្នគឺជាអ្នកមានជាងគេនៅ រុស្ស៊ី ក៏បាត់បង់ ៣ ពាន់លានដុល្លារអាម៉េរិក។
សង្គ្រាមរវាង រុស្ស៊ី និង អ៊ុយក្រែន បាន និងកំពុងតែធ្វើឱ្យទីផ្សារមូលបត្រទូទាំងសកលលោក ដាំក្បាលចុះ ពិសេសគឺនៅ រុស្ស៊ី ដែលត្រូវរងទណ្ឌកម្មពី សហរដ្ឋអាម៉េរិក និង អង់គ្លេស៕