ភ្នំពេញ – បច្ចុប្បន្នមានម្ចាស់អចលនទ្រព្យមួយចំនួនហាក់ពុំទាន់យល់ដឹងពីការបំពេញព័ត៌មានឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់លើអចលនទ្រព្យរបស់ខ្លួនដែលត្រូវបង់ពន្ធនៅឡើយទេ ដែលធ្វើឱ្យការធ្វើបច្ចុប្បន្នភាពនៃអចលនទ្រព្យពុំទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ។
ឯកឧត្ដម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា នៅពេលបង់ពន្ធ ព័ត៌មានអចលនទ្រព្យខ្លះត្រូវបានប្រែប្រួល ជួនកាលដីមួយដុំកាត់ទៅជា10ដុំ ឬដីច្រើនដុំបង្រួមចូលគ្នាធ្វើជាបុរីក៏មាន ដើម្បីបញ្ចៀសពីការបង់ពន្ធទៅតាមតែទិន្នន័យចាស់ ដូច្នេះយើងត្រូវធ្វើបច្ចុប្បន្នភាពលើអចលនទ្រព្យនោះ។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា៖ «ប្រជាពលរដ្ឋមួយចំនួនគាត់អត់ទាន់យល់ពីការធ្វើបច្ចុប្បន្នភាពលើអចលនទ្រព្យរបស់ខ្លួនទេ ក្នុងករណីមានព័ត៌មានប្រែប្រួលលើអចលនទ្រព្យ ពួកគាត់ត្រូវតែមកធ្វើបច្ចុប្បន្នភាពនោះ។ ឥឡូវខ្ញុំកំពុងតែចាត់ចែងរៀបចំឱ្យមន្ដ្រីជាប់កិច្ចសន្យាចំនួន 100 នាក់ដើម្បីចុះទៅដល់គេហដ្ឋាន ឬទីតាំងអចលនទ្រព្យនោះដើម្បីបំពេញ ឬធ្វើបច្ចុប្បន្នភាពជូនពួកគាត់តែម្ដងដើម្បីកុំឱ្យពួកគាត់មានការលំបាក»។
ឯកឧត្ដម គង់ វិបុល បន្ដទៀតថា ការចុះធ្វើសម្រង់ទិន្នន័យបច្ចុប្បន្នភាពអចលនទ្រព្យជូនប្រជាពលរដ្ឋយកមកបញ្ចូលក្នុងព័ត៌មានដេតាបេសរបស់អគ្គនាយកដ្ឋានពន្ធដារ គឺដើម្បីធ្វើឱ្យពួកគាត់មានភាពងាយស្រួល ដូចទៅនឹងអ្វីដែលអគ្គនាយកដ្ឋានពន្ធដារធ្លាប់បានធ្វើទៅលើការប្រមូលពន្ធលើមធ្យោបាយធ្វើដំណើររួចមកហើយដូច្នោះដែរ។
បច្ចុប្បន្នមានអ្នកបង់ពន្ធលើមធ្យោបាយធ្វើដំណើរដោយប្រើកាតក្នុងរង្វង់ 90%ហើយ។ ឯកឧត្ដមបន្ថែមថា៖ «ជាទិសដៅ អគ្គនាយកដ្ឋានពន្ធដារចង់ធ្វើឱ្យការប្រមូលពន្ធលើអចលនទ្រព្យមានដំណើរការដូចគ្នានឹងការប្រមូលពន្ធលើពន្ធមធ្យោបាយធ្វើដំណើរដែរ»។
ទោះជាយ៉ាងណាដំណើរការនេះក៏ត្រូវការមានកិច្ចសហការរវាងមន្ដ្រីជាមួយនឹងម្ចាស់អចលនទ្រព្យផងដែរ ដើម្បីបញ្ចៀសកុំឱ្យម្ចាស់អចលនទ្រព្យជូបការលំបាកក្នុងការរកប័ណ្ណកម្មសិទ្ធិ ឬឯកសារពាក់ព័ន្ធនានារបស់ពួកគាត់យកមកបង់ពន្ធរាល់ឆ្នាំ។ ពលរដ្ឋគ្រាន់តែបំពេញព័ត៌មានទាំងនោះតែមួយដងគត់នៅក្នុងកាតមួយ លុះនៅពេលមកបង់ពន្ធលើអចលនទ្រព្យរបស់ខ្លួន គាត់គ្រាន់តែយកកាតនោះមកស្គែនបារកូដ ទិន្នន័យទាំងអស់នឹងចេញនៅក្នុងប្រព័ន្ធរបស់អគ្គនាយកដ្ឋានពន្ធដារហើយ ដែលវានឹងជួយសម្រួលដល់ការបង់ពន្ធយ៉ាងងាយស្រួល៕