បន្ទាប់ពី ប្រធានាធិបតី វ្លាឌីមៀ ពូទីន ប្រកាសបើកយុទ្ធនាការយោធាចូលឈ្លានពាន អ៊ុយក្រែន ភ្លាមនោះទីផ្សារភាគហ៊ុនរបស់ រុស្ស៊ី ក៏ដាំក្បាលចុះ នៅពេលបើកការជួញដូរក្នុងថ្ងៃទី ២៤ កុម្ភៈ។
សន្ទស្សន៍ MOEX បាត់បង់ពិន្ទុរហូតដល់ ២៨% ក្នុងរយៈពេល ៣០ នាទីនៃការជួញដូរដំបូង។ និន្នាការនៃការលក់ចោលភាគហ៊ុន បានកើតឡើងក្រោយពី សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត ប្រកាសដាក់ទណ្ឌកម្មលើ រុស្ស៊ី ដើម្បីឆ្លើយតបនឹងការសម្រេចរបស់ ប្រធានាធិបតី ពូទីន ដែលបានបើកការឈ្លានពានលើ អ៊ុយក្រែន។
ក្រុមមន្ត្រីគ្រប់គ្រងទីផ្សារមូលបត្រនៅ រុស្ស៊ី បានឱ្យដឹងថា នឹងប្រើប្រាស់គ្រប់មធ្យោបាយចាំបាច់ ដើម្បីបញ្ចៀសផលវិបាកអាក្រក់បំផុតដែលអាចកើតមាន។
ស្ថាប័នគ្រប់គ្រងផ្សារមូលបត្រ មូស្គូ ក្រោយមកក៏បានសម្រេចចិត្តផ្អាកការជួញដូរនៅម៉ោង ១០ និង ៤០ នាទី (ម៉ោងនៅ មូស្គូ) ដោយសារតែមានការលក់ចោលមូលបត្រកាន់តែច្រើន មិនធ្លាប់មានពីមុនមក។ ភាគហ៊ុនរបស់ធានាគាររដ្ឋរុស្ស៊ី Sberbank បាត់បង់តម្លៃ ២៨% ចំណែក VTB ដែលជាធនាការធំទី ២ ធ្លាក់ថ្លៃរហូតដល់ ៣៥% ខណៈដែលភាគហ៊ុនរបស់បណ្ដាក្រុមហ៊ុនថាមពល និងក្រុមហ៊ុននាំចេញលោហធាតុ និងក្រុមហ៊ុនបច្ចេកវិទ្យាជាដើម សុទ្ធតែត្រូវបានលក់ចោលក្នុងកម្រិតខ្ពស់។
រូបិយវត្ថុ រូប របស់ រុស្ស៊ី វិញ ក្នុងថ្ងៃនេះ មានពេលខ្លះធ្លាក់ថ្លៃ ១០% ដោយ ១០០ រូប ដូរបាន ១ អឺរ៉ូ និង ៩០ រូប ដូរបាន ១ ដុល្លារសហរដ្ឋអាម៉េរិក។