ខ្សែភាពយន្តរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ (First They Killed My Father)» ជាភាសាខ្មែរដែលបានផលិតឡើងដោយក្រុមហ៊ុន Netflix ផ្តើមចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា នៅថ្ងៃទី 08 ខែកញ្ញា ឆ្នាំ2017 ក្រោមការនាំចូលផ្តាច់មុខដោយក្រុមហ៊ុន Westec Media Limited ហើយនឹងចាក់បញ្ចាំងនៅទូទាំងពិភពលោកដោយក្រុមហ៊ុន Netflix ត្រឹមថ្ងៃទី 15 ខែកញ្ញាខាងមុខនេះ ។
ក្រោមការដឹកនាំដោយ លោកស្រី Angelina Jolie ខ្សែភាពយន្តរឿង «មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» គឺជាខ្សែភាពយន្តប្រែសម្រួលចេញពីការចងចាំដ៏ឈឺចាប់របស់អ្នកស្រី អ៊ឹង លួង ដែលជាអ្នកនិពន្ធសៀវភៅ និងសកម្មជនការពារសិទ្ធិមនុស្ស ដែលបានរួចផុតជីវិតពីរបបខ្មែរក្រហមដ៏សាហាវយង់ឃ្នងក្នុងអំឡុងពីឆ្នាំ 1975 ដល់ឆ្នាំ1979 ។
នៅក្នុងសាច់រឿងត្រូវបានរៀបរាប់តាមការមើលឃើញរបស់អ្នកស្រីតាំងពី អាយុ5ឆ្នាំ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាច រហូតដល់គាត់អាយុ9ឆ្នាំ។ ខ្សែភាពយន្តនេះបានឆ្លុះបញ្ចាំងអំពីស្មារតីយ៉ាងមោះមុត និងការតស៊ូយ៉ាងប្តូរផ្តាច់របស់គ្រួសារអ្នកស្រី ដើម្បីបានរស់នៅជាមួយគ្នាយ៉ាងវេទនាអំឡុងសម័យខ្មែរក្រហម។ ជាមួយគ្នានេះ ខ្សែភាពយន្តខ្នាតធំមួយនេះក៏ធ្វើឡើងដើម្បីជាការឧទ្ទិសដល់អ្នកដែលបានស្លាប់ និងអ្នកដែលបានរួចផុតពីការស្លាប់ក្រោមរបបខ្មែរក្រហមផងដែរ។ វាបានផ្តោតសំខាន់លើសេចក្ដីស្រឡាញ់ និងការលះបង់របស់ក្រុមគ្រួសារខ្មែរ និងឆ្លុះបញ្ចាំងពីភាពស្រស់ស្អាត ដួងវិញ្ញាណ និងស្មារតីរឹងមាំរបស់ប្រជាជនខ្មែរ និងវប្បធម៌ខ្មែរ។
ខ្សែភាពយន្តរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ធ្លាប់បានចាក់បញ្ចាំងជាផ្លូវការកាលពីថ្ងៃទី 18 ខែកម្ភៈ កន្លងទៅ នៅលានជល់ដំរីនៃបរិវេណប្រាសាទអង្គរវត្តនៅក្នុងខេត្តសៀមរាប ក្រោមវត្តមានព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ ហើយនឹងមានការអញ្ជើញចូលរួមពីមន្ត្រី និងឥស្សរជនសំខាន់ៗ ដោយផ្តល់អាទិភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក៏ដូចជាអ្នកជំនាញផ្នែកប្រវត្តិសាស្ត្រ និងអង្គការអប់រំប្រវត្តិសាស្ត្រនៅក្នុងតំបន់ផងដែរ ។ ខ្សែភាពយន្តនេះត្រូវបានថតក្នុងប្រទេសកម្ពុជាចាប់ពីខែវិច្ឆិកា ឆ្នាំ 2015 រហូតដល់ខែកុម្ភៈ ឆ្នាំ 2016 ដែលនិយាយជាភាសាខ្មែរទាំងស្រុង ហើយជាខ្សែភាពយន្តខ្នាតធំជាងគេដែលមិនធ្លាប់បានផលិតឡើងក្នុងប្រទេសមួយនេះ។ អ្នកបច្ចេកទេស សិប្បករ និងអ្នកជំនាញផ្នែកសិល្បៈជនជាតិខ្មែរ បានចូលរួមយ៉ាងច្រើនបំផុតក្នុងក្រុមការងារថតខ្សែភាពយន្តនេះ រួមជាមួយតួអង្គសម្តែងផ្សេងៗទៀតសរុបប្រមាណជាង 3500 នាក់។
ជាមួយគ្នានេះ កុមារី ស្រីម៉ុច សារឿម ដែលបានដើរជាតួអង្គសំខាន់របស់អ្នកស្រី អ៊ឹង លួង ដែលមានអាយុពី 5-9 ឆ្នាំ ហើយនឹងលាតត្រដាងពីទិដ្ឋភាពនៃរឿងនេះ ស្ថិតនៅក្នុងសាលារៀនអង្គការមនុស្សធម៌មួយក្នុងតំបន់។ តួអង្គឪពុកម្តាយរបស់អ្នកស្រី អ៊ឹង លួង ត្រូវបានសម្តែងដោយលោក ភឿង កុម្ភៈ និងអ្នកនាង ស្វែង សុជាតា។ បងប្អូនរបស់អ្នកស្រី អ៊ឹង លួង ត្រូវបានសម្តែងដោយនីតា និងនីកាសារុន (ហៅហ្គិច), រុន ចិន្តា (ហៅជូ) , មុន គឹមហាក់ (ហៅ គឹម) , អូន ស្រីនាង (ហៅ គាវ) , ឃួន សុធា (ហៅគួយ) និង ហេង តារា (ហៅម៉េង) ។
គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្តរឿង «មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» គឺជាខ្សែភាពយន្តដើមរបស់ក្រុមហ៊ុន Netflix Inc ដែលផលិតដោយអ្នកស្រី អែនជឺលីណា ជោលី, លោក ប៉ាន់រិទ្ធី ជាអ្នកដឹកនាំរឿង និងជាផលិតករខ្សែភាពយន្តខ្មែរដ៏ល្បីល្បាញ ដែលធ្លាប់បានដឹកនាំរឿង «ការបាត់បង់រូបភាព» ជាភាសាអង់គ្លេសហៅថា «the missing picture» បានជាប់ឈ្មោះជាបេក្ខជនក្នុងការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់អូស្កា និងលោក Michael Vieira ផលិតករខ្សែភាពយន្តល្បីល្បាញនៃរឿង (By the Sea) ។ លោក Xavier Box (រឿងUmrika) និងអ្នកស្រី Patricia Rommel (រឿង The Lives of Others) គឺជាអ្នកកាត់តនៃខ្សែភាពយន្តនេះ។
លោកអ្នកអាចកក់សំបុត្រដោយផ្ទាល់ ឬតាមរយៈអនឡាញ តាមម៉ោងបញ្ចាំងភាពយន្តនេះ ដែលអ្នកអាចជ្រើសរើសនៅលើគេហទំព័រដូចខាងក្រោម ៖
https://cinema.org.kh
https://legend.com.kh
https://www.majorcineplex.com.kh/cinema/
https://primecineplex.com
https://barayandetcinema.com/