Skip to content

តម្លៃ​សាំង​នៅលើ​ពិភពលោក​ទាំងមូល​កំពុង​ឡើងថ្លៃ​ខ្ពស់ ប៉ុន្តែ​សាំង​នៅ​ប្រទេសមួយ​នេះ​បែរជា​ថោក​ជាង​ទឹក​សុទ្ធ​ទៅទៀត

ប្រទេស​មួយ​នេះ​ រក្សា​ប្រព័ន្ធ​តម្លៃ​ប្រេងសាំង «ភ្លោះ» រួមមាន​តម្លៃ​ប្រេងសាំង​អន្តរជាតិ ០.៥ ដុល្លារ/លីត្រ និង​តម្លៃ​សាំង​ជំនួយ​ពី​គោលនយោបាយ​របស់​រដ្ឋ។

វិបត្តិ​ជម្លោះ​ដណ្ដើម​ទឹកដី​រវាង អ៊ុយ​ក្រែ​ន និង រុស្ស៊ី ដែល​កំពុង​ឡើងក​ម្ដៅ​ខ្លាំង ទីផ្សារ​ទំនិញ​ពិភពលោក ក្នុងនោះ​មាន​ប្រេង​ឆៅ​ជាដើម ក៏​បន្ត​ប្រែប្រួល​ខ្លាំង។ ក្នុងការ​ជួញដូរ​កាល​ពី​ម្សិលមិញ មានពេលខ្លះ ប្រេង Brent បាន​ឡើងថ្លៃ​ជិត ៣% និង​ត្រូវបាន​ជួញដូរ​ក្នុងតម្លៃ ៩៦.២៨ ដុល្លារ/ធុង​បារ៉ែល ដែលជា​តម្លៃ​ខ្ពស់បំផុត​ក្នុង​រយៈពេល ៧ ឆ្នាំ​កន្លងមកនេះ។ តម្លៃ​ប្រេង​ឆៅ WTI ក៏មាន​ការប្រែប្រួល​ខ្លាំង​ដែរ ដោយ​ត្រូវបាន​ជួញដូរ​ក្នុងតម្លៃ ៩៣.៨៦ ដុល្លារ/ធុង​បារ៉ែល។

ក៏ប៉ុន្តែ ក្នុង​គ្រា​ដែល​ប្រេង​ឡើងថ្លៃ​ខ្លាំង ធ្វើឱ្យ​បណ្ដា​ប្រទេស​ស្ទើរតែ​ទាំងអស់​ក្នុង​ពិភពលោក​មានការ​ព្រួយបារម្ភ ក៏​នៅមាន​ប្រទេសមួយ​ដែល​តម្លៃ​ប្រេង «មិន​ខ្ចី​រើខ្លួន» បើទោះជា​តម្លៃ​ប្រេង​ពិភពលោក កើន​ឡើងដល់​ណាក៏ដោយ។

នោះ​គឺជា វ៉េ​ណេ​ស៊ុយ​អេ​ឡា ជា​ប្រទេស​ដែល​ត្រូវបាន​គេ​ស្គាល់​ថា «អ្នកលក់​ប្រេងសាំង​ថោក​បំផុត​ក្នុង​ពិភពលោក»។ យោងតាម​ក្រុមហ៊ុន Global Petrol Prices គិត​ត្រឹម​ថ្ងៃទី ១២ កុម្ភៈ ប្រេងសាំង​ប្រភេទ RON ៩៥ ក្នុង ១ លីត្រ មានតម្លៃ ០.១ បូ​លី​វ៉ា វ៉េ​ណេ​ស៊ុយ​អេ​ឡា (ប្រហែល ០.០២ ដុល្លារ​អាម៉េរិក/លីត្រ)។ ចំណែក​នៅ​ទូទាំង​ពិភពលោក សាំង​នៅពេលនោះ គិត​ជា​មធ្យម មានតម្លៃ ៥.០៥ បូ​លី​វ៉ា វ៉េ​ណេ​ស៊ុយ​អេ​ឡា ខ្ពស់ជាង​ជាង ៥០ ដង ធៀប​នឹង​តម្លៃ​នៅ វ៉េ​ណេ​ស៊ុយ​អេ​ឡា។

ហេតុអ្វី​បានជា​ដូច្នេះ?

វ៉េ​ណេ​ស៊ុយ​អេ​ឡា គឺជា​ប្រទេស​ដែល​រក្សាទុក​ប្រេង​ក្នុង​បរិមាណ​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក។ រដ្ឋាភិបាល​ប្រទេស​នេះ ថែមទាំង​មាន​គោលនយោបាយ​បញ្ចុះតម្លៃ​ប្រេងសាំង​ស្ទើរតែ​គ្រប់​ប្រភេទ​ទាំងអស់ ព្រោះតែ​ប្រាក់ចំណូល​របស់​ប្រជាជន​នៅមានកម្រិត​ទាប ក្នុងនោះ កម្មករ​មាន​ប្រាក់ខែ​ជា​មធ្យម​ត្រឹមតែ ៥៣ ដុល្លារ/ខែ ខណៈ​បុគ្គលិក​ជំនាញ​ទទួលបាន​ប្រហែល ១០០ ដុល្លារ/ខែ ដូច្នេះ ប្រជាជន​សម​នឹង​ទទួលបាន​តម្លៃ​ប្រេង​ទាប​បំផុត​ក្នុង​ពិភពលោក។

ជាងនេះទៀត វ៉េ​ណេ​ស៊ុយ​អេ​ឡា រក្សា​ប្រព័ន្ធ​តម្លៃ​ប្រេងសាំង «ភ្លោះ» រួមមាន តម្លៃ​អន្តរជាតិ​គឺ ០.៥ ដុល្លារ​អាម៉េរិក/លីត្រ និង​តម្លៃ​ប្រេង គោលនយោបាយ​រដ្ឋ។ តម្លៃ​ប្រេង​គោលនយោបាយ​នេះ​គឺ ០.១ បូ​លី​វ៉ា វ៉េ​ណេ​ស៊ុយ​អេ​ឡា/លីត្រ អនុវត្ត​ចំពោះ ១២០ លីត្រ​ដំបូង/ខែ សម្រាប់​ក្រុម​ពលរដ្ឋ​ដែលមាន​ប័ណ្ណ​ប្រជាជាតិ (ស្រដៀង​នឹង​អត្តសញ្ញាណប័ណ្ណ)។ នៅពេល​ទិញ​លើសពី ១២០ លីត្រ/ខែ នឹងត្រូវ​គិត​ក្នុងតម្លៃ ០.៥ ដុល្លារ/លីត្រ។

វ៉េ​ណេ​ស៊ុយ​អេ​ឡា គឺជា​ប្រទេស​ដែលមាន​អត្រា​អតិផរណា​ខ្ពស់​ខ្លាំង ដូច្នេះ ប្រាក់ បូ​លី​វ៉ា ក៏​ស្ទើរតែ​មិនមាន​តម្លៃ។ បើ​គិត​ទៅតាម​ប្រាក់​ដុល្លារ​អាម៉េរិក ទឹកបរិសុទ្ធ ១ ដប នៅ វ៉េ​ណេ​ស៊ុយ​អេ​ឡា មានតម្លៃ ០.៨៨ ដុល្លារ គឺ​ថ្លៃ​ជាង​សាំង ១ ដប​ទៅទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *