Truth Social បានក្លាយជាកម្មវិធីទូរស័ព្ទដែលត្រូវបានទាញយកច្រើនជាងគេបង្អស់នៅក្នុងមួយថ្ងៃ នៅលើ App Store ប៉ុន្តែ អ្នកប្រើប្រាស់មួយចំនួនយល់ថា នៅមានចំណុចខ្សោយច្រើន។
បន្ទាប់ពីបានបង្ហាញវត្តមាននៅលើផ្សារកម្មវិធីសម្រាប់ឧបករណ៍ iPhone និង iPad កាលពីថ្ងៃទី ២១ កុម្ភៈ បណ្ដាញសង្គម Truth Social ក៏បានលោតឡើងឈរលើកំពូលតារាងក្នុងបញ្ជីកម្មវិធីទូរស័ព្ទមិនគិតថ្លៃនៅ សហរដ្ឋអាម៉េរិក ដែលជាទីផ្សារដំបូងរបស់បណ្ដាញសង្គមនេះ។ Truth Social បានធ្វើបច្ចុប្បន្នភាពដល់កំណែ ១.០.។
ក៏ប៉ុន្តែ អ្នកប្រើប្រាស់ដំបូងៗ របស់ Truth Social ភាគច្រើនមានអារម្មណ៍ថា មិនទាន់ពេញចិត្ត។ «ខ្ញុំបានទទួលសារប្រាប់ថាមានកំហុសឆ្គងច្រើននៅពេលព្យាយាមបញ្ចូលព័ត៌មានលម្អិត និងបញ្ជាក់អាសយដ្ឋានអ៊ីមេល នៅពេលចូលរួមក្នុង Truthsayers នៅលើ Truth Social» និពន្ធនាយិការបស់ Business Insider បញ្ចេញមតិ។ «ខ្ញុំត្រូវធ្វើរហូតដល់ ៥ ដង ទើបអាចបង្កើតបានគណនីមួយ»។
យ៉ាងនេះក្ដី អ្នកស្រីត្រូវចូលទៅកាន់បញ្ជីរង់ចាំ ជាកន្លែងដែលមានជិត ១.៦ សែនគណនីផ្សេងទៀត កំពុងរង់ចាំ។ ក្រោយរយៈពេលជាង ២ ម៉ោង អ្នកស្រីនៅតែមិនទាន់អាចចូលទៅក្នុងកម្មវិធីនេះបានទៀត។
សារព័ត៌មាន Techcrunch ក៏បានជួប និងរាយការណ៍អំពីបញ្ហាដូចខាងលើនេះដែរ។ អ្នកលេងបណ្ដាញសង្គមមួយចំនួនរកឃើញថា នៅពេលប្រើប្រាស់កម្មវិធីរុករក ដូចជា Chrome ឬ Safari ជាដើម គេហទំព័រ Truth Social តម្រូវឱ្យប្រើ http ជំនួសឱ្យ https។
Truth Social ត្រូវបានបង្កើតឡើងដោយយោងទៅតាម Twitter។ លោក Trump ត្រូវបានហាមចូលប្រើប្រាស់បណ្ដាញសង្គមជាច្រើនកាលពីដើមឆ្នាំ ២០២១ ដោយលោកត្រូវរងការចោទប្រកាន់ថា បានញុះញង់ឱ្យមានអំពើហិង្សា បន្ទាប់ពីកើតមានហេតុការណ៍វឹកវរនៅ Capitol Hill។ មុនពេលត្រូវ Twitter បិទខ្ទប់គណនី លោក Donald Trump ប្រើប្រាស់បណ្ដាញសង្គមនេះដើម្បីបញ្ចេញមតិ ឬរិះគន់គូប្រជែង។ គណនី Twitter កាលណោះរបស់លោក Trump មានអ្នកតាមដានជាង ៨៩ លាននាក់។
បណ្ដាញសង្គម Truth Social របស់លោក Trump ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Trump Media&Technology Group (TMTG) និងត្រូវបានប្រកាសកាលពីចុងឆ្នាំ ២០២១៕