ក្រុមហ៊ុន ExoAnalytic Solutions បានរកឃើញថា ប្រទេសចិន សម្ងំសាកល្បងប្រើប្រាស់ឧបករណ៍ចាប់ផ្កាយរណបនៅពេលថ្ងៃ ជាអំឡុងពេលដែលគេពិបាកពិនិត្យដោយកែវយឹតពីផែនដី។
កាលពីសប្ដាហ៍កន្លង សារព័ត៌មាន DW បានរាយការណ៍ថា ក្រុមហ៊ុន ExoAnalytic Solutions បានរកឃើញថា ប្រទេសចិន កំពុងសម្ងំសាកល្បងប្រើប្រាស់ឧបករណ៍ចាប់ផ្កាយរណបនៅលើគន្លងគោចរផែនដី។ ExoAnalytic Solutions គឺជាក្រុមហ៊ុនឯកជនរបស់ សហរដ្ឋអាម៉េរិក ដែលមានឯកទេសខាងតាមដានផ្កាយរណប ដោយប្រើប្រាស់បណ្ដាញនៃកែវយឹតអុបទិកធំៗនៅជុំវិញពិភពលោក។
ថ្មីៗនេះ ក្រុមហ៊ុនខាងលើបានផ្ដល់ភ័ស្ដុតាងបង្ហាញថា ផ្កាយរណប SJ-២១ របស់ ចិន បានបាត់ខ្លួនចេញពីទីតាំងដើមកាលពីថ្ងៃទី ២២ មករា ២០២២។ ប្រការនេះបានកើតឡើងនៅពេលថ្ងៃ ជាអំឡុងពេលដែលគេពិបាកពិនិត្យមើលដោយប្រើកែវយឹតអុបទិក។ ក្រោយមក SJ-២១ ក៏ត្រូវបានរកឃើញថា ស្ថិតនៅក្បែរផ្កាយរណបមួយគ្រឿងផ្សេងទៀតរបស់ ប្រទេសចិន នោះគឺជាផ្កាយរណបដែលបានឈប់ដំណើរការ និងស្ថិតក្នុងប្រព័ន្ធកំណត់ទិស Beidou។
SJ-២១ បានចាប់យកផ្កាយរណបដែលបានងាប់ម៉ាស៊ីនហើយនោះ និងបានអូសវាទៅទិសខាងលិចក្នុងរយៈពេលច្រើនថ្ងៃបន្ទាប់។ មកដល់ថ្ងៃទី ២៦ មករា SJ-២១ ក៏បានដោះលែងផ្កាយរណបរបស់ BeiDou និងរុញវាចូលទៅក្នុង «គន្លងគោចរមរណៈ» ជាទីដែលត្រូវបានគេចាត់ទុកថាជា វាលព្រលែងខ្មោចក្នុងអវកាស ដែលស្ថិតនៅឆ្ងាយពីគន្លងគោចរសកម្មធម្មតារបស់ផ្កាយរណប។
បើទោះជាបណ្ដាផ្កាយរណបដូច SJ-២១ អាចត្រូវបានប្រើប្រាស់ក្នុងគោលដៅល្អ ដូចជាបេសកកម្មសម្អាតសំរាមក្នុងអវកាស ប៉ុន្តែ វាក៏មិនមែនជាដំណឹងល្អដែលគួរត្រេកអរសម្រាប់ក្រុមមន្ត្រីរៀបចំផែនការនយោបាយរបស់ មន្ទីរបញ្ចកោណ នោះដែរ ព្រោះថា ប្រការនេះមានន័យថា ប្រទេសចិន ក៏អាចប្រើប្រាស់ឧបករណ៍ដូចគ្នានេះដើម្បីចាប់យកផ្កាយរណបរបស់ សហរដ្ឋអាម៉េរិក រួចហើយកម្ទេចចោល ដោយរុញវាចូលក្នុងបរិយាកាសផែនដី៕