ថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមមួយចំនួន បានទទួល និងចែករំលែកតៗគ្នានូវកម្មវិធីឆ្លើយសំនួរ និងចាប់រង្វាន់តម្លៃ ១ លានរៀល ដែលមានរូបភាពបង្ហាញថា ជាកម្មវិធីរបស់ ក្រុមហ៊ុនកម្ពុជាតេលា (Kampuchia Tela)។
ក៏ប៉ុន្តែ នៅថ្ងៃទី ២១ កុម្ភៈនេះ ភាគីក្រុមហ៊ុនកម្ពុជាតេលា បានចេញប្រកាសមួយដែលធ្វើការបដិសេធថា «កម្មវិធីបំពេញកម្រងសំនួរដើម្បីមានឱកាសឈ្នះប្រាក់រង្វាន់ ១,០០០,០០០ រៀល ក្នុងឱកាសគម្រប់ខួប ២៥ ឆ្នាំ របស់ក្រុមហ៊ុនកម្ពុជាតេលា» មិនមែនជាកម្មវិធីរបស់ក្រុមហ៊ុននេះឡើយ។
ក្រុមហ៊ុនកម្ពុជាតេលា ក៏ប្រកាសមិនទទួលខុសត្រូវលើបញ្ហា និងផលប៉ះពាល់នានាដែលកើតឡើងពីការចូលរួមក្នុងកម្មវិធីក្លែងបន្លំនេះនោះដែរ។ បច្ចុប្បន្ន ក្រុមហ៊ុននេះ កំពុងសហការជាមួយសមត្ថកិច្ច ដើម្បីស្វែងរកក្រុមជនក្លែងបន្លំខាងលើ ដើម្បីធ្វើការផ្ដន្ទាទោសតាមច្បាប់។