ភ្នំពេញ- គ្រាដែលប្រទេសកម្ពុជាជិតទទួលបានដំណក់ប្រេងដំបូងបង្អស់នៅឆ្នាំ 2019ខាងមុខនោះ ត្រូវបានអ្នកជំនាញបញ្ជាក់ថា ដើម្បីរក្សាឱ្យបាននិរន្ដរភាពក្នុងការបូមយកធនធានកម្រមួយនេះ ការអនុវត្ដយន្ដការតម្លាភាពគឺជារឿងមួយចាំបាច់បំផុត។
ឯកឧត្ដម ម៉េង ស័ក្ដិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានលើកឡើងថា៖ «ការគ្រប់គ្រងធនធានធម្មជាតិប្រេងកាត និងឧស្ម័នតម្រូវឱ្យមានយន្ដការតម្លាភាពច្បាស់លាស់ ព្រោះវាជាធនធានដែលមិនកកើតឡើងវិញ និងជាធនធានត្រូវបានកំណត់ដោយច្បាប់ថា ជាសម្បត្ដិរដ្ឋ និងរបស់ប្រជាពលរដ្ឋយើងគ្រប់ជំនាន់។ ដូច្នេះការដកយកធនធាននេះមកប្រើប្រាស់សម្រាប់ធ្វើជាទុនវិនិយោគក្នុងដំណាក់កាលណាមួយ ត្រូវគិតគូរឱ្យបានវែងឆ្ងាយ និងប្រុងប្រយ័ត្នដើម្បីការពារផលប្រយោជន៍រយៈពេលវែងសម្រាប់មនុស្សជំនាន់ក្រោយៗទៀត»។
រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលបន្ដថា ដើម្បីអាចធានាបានប្រសិទ្ធភាពក្នុងការការពារឱ្យទទួលបានផលប្រយោជន៍រយៈពេលវែងនោះ យន្ដការតម្លាភាពជាគន្លឹះសំខាន់ត្រូវអនុវត្ដដែលក្នុងនោះមានចំណុចធំ3 គឺ៖
- ត្រូវពង្រីកការយល់ដឹងពីវិស័យប្រេងឱ្យបានទូលំទូលាយទៅកាន់មហាជនទូទៅដើម្បីឱ្យប្រជាពលរដ្ឋ និងសហគមន៍អាចចូលរួមក្នុងកិច្ចការអភិវឌ្ឍន៍នេះដោយទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងមានភាពទទួលខុសត្រូវខ្ពស់។
- ត្រូវមានយន្ដការពិគ្រោះយោបល់ដោយពហុភាគី ដោយមានការចូលរួមពីតួអង្គសំខាន់ៗដូចជារដ្ឋាភិបាល អង្គការសង្គមស៊ីវីល និងក្រុមហ៊ុនឯកជនខាងផ្នែកឧស្សាហកម្ម ឬក្រុមហ៊ុនអន្ដរជាតិដែលធ្វើធុរកិច្ចលើវិស័យប្រេង។ តួអង្គទាំងបីត្រូវបង្កើតឱ្យបានភាពជាដៃគូយុទ្ធសាស្ដ្រ ក្នុងការជជែកដោះស្រាយទាំងបញ្ហាគោលនយោបាយ បញ្ហាយុទ្ធសាស្ដ្រ និងបច្ចេកទេស ធ្វើយ៉ាងណាឱ្យដំណើរការទាញយកធនធានប្រកបដោយការទទួលខុសត្រូវលើទិដ្ឋភាពសេដ្ឋកិច្ច សង្គម និងបរិស្ថាន។
- ការគិតគូរពីសមត្ថភាពស្ថាប័នកិច្ចការរបស់ជាតិ ជាកិច្ចការសំខាន់បំផុតត្រូវធ្វើ ដើម្បីបញ្ចៀសភាពមិនស៊ីចង្វាក់គ្នា ភាពកង្វះសមត្ថភាពក្នុងគ្រប់គ្រងនៅក្នុងផ្នែកស្ថាប័នកិច្ចការ ព្រោះយើងត្រូវធានាឱ្យបានថា ក្នុងនាមយើងជាម្ចាស់ធនធាន យើងអាចការពារបានផលប្រយោជន៍របស់ជាតិ និងប្រជាជនយើងដែលជាម្ចាស់ធនធានជាអតិបរមាប្រកបដោយប្រសិទ្ធភាពខ្ពស់៕