ដោយសារមិនទាន់ចូលទៅទូទាត់បំណុលប្រមាណជា ៦.៦ លានដុល្លារអាមេរិក ជូនរដ្ឋ ដូច្នេះ ក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិត ឈ្មោះ King Technologies (Opennet) នឹងត្រូវបាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចុះទៅបិទជាបណ្ដោះអាសន្ននៅសប្ដាហ៍ក្រោយ។
Opennet នៅជំពាក់បំណុលរដ្ឋ ជាង ៦ លានដុល្លារអាមេរិក ដែលបានជំពាក់ចាប់តាំងពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៩ និងវិភាគទានបន្ថែមចូលមូលនិធិ USO និង CBRD សរុបជាង ១.៨ លានដុល្លារ ដែលមិនបានប្រកាសពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០។ នេះបើតាម លោក សូ វិសុទ្ធី ដែលជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានប្រាប់សារព័ត៌មានក្នុងស្រុកមួយកាលពីម្សិលមិញ។
អ្នកនាំពាក្យរូបនេះថ្លែងថា Opennet មិនបានធ្វើការទូទាត់ប្រាក់បំណុលឱ្យបានសព្វគ្រប់ ដោយបានបង់បំណុលតែ ១.៣ លានដុល្លារ និងនៅជំពាក់ ៦.៦ លានដុល្លារ។ «នៅអាទិត្យក្រោយនេះ ក្រុមការងារក្រសួងនឹងចុះទៅបិទក្រុមហ៊ុនជាបណ្ដោះអាសន្ន» លោក សូ វិសុទ្ធី ប្រាប់ដូច្នេះ។
កាលពីថ្ងៃទី ១០ កុម្ភៈ ២០២២ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមនឹង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញលិខិតរួមគ្នាមួយ បង្គាប់ឱ្យក្រុមហ៊ុន King Technologies (Opennet) ចូលមកទូទាត់ប្រាក់បំណុលក្នុងរយៈពេល ៧ ថ្ងៃ ហើយថា នឹងចាត់វិធានការតាមច្បាប់ ក្នុងករណីក្រុមហ៊ុននេះនៅតែគេចវេះមិនព្រមទូទាត់បំណុលជូនរដ្ឋ។
ក្រុមហ៊ុន Opennet គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ ក្រុមហ៊ុន វៀតណាម FPT Group ដែលដើមឡើយមានឈ្មោះថា The Corporation for Financing and Promoting Technology (FPT)។ FPT Group មានទីស្នាក់ការកណ្ដាលនៅ រដ្ឋធានីហាណូយ ប្រទេសវៀតណាម។
ក្រុមហ៊ុន Opennet និងក្រុមហ៊ុន Viettel (Metfone) គឺជាដៃគូរកស៊ីក្នុងវិស័យអ៊ីនធើណិត នៅ កម្ពុជា។ Metfone គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Viettel Group ដែលជាក្រុមហ៊ុនរបស់ រដ្ឋវៀតណាម និងគ្រប់គ្រងដោយកងទ័ពវៀតណាម មានទីស្នាក់ការកណ្ដាលនៅ ហាណូយ៕