តម្លៃភាគហ៊ុនដាំក្បាលចុះនៅក្នុងប៉ុន្មានសប្ដាហ៍កន្លងទៅនេះ បានធ្វើឱ្យមូលធនទីផ្សាររបស់ Meta Platforms ដែលជាក្រុមហ៊ុនមេរបស់ Facebook បច្ចុប្បន្ននៅសល់តែ ៥៦៥ ពាន់លានដុល្លារអាម៉េរិក។
តួលេខរបស់ Bloomberg បានបង្ហាញថា ជាមួយនឹងមូលធនទីផ្សារដែលមានតម្លៃ ៥៦៥ ពាន់លានដុល្លារ Meta បច្ចុប្បន្នគឺជាក្រុមហ៊ុនធំជាងគេលំដាប់ទី ១១ នៅក្នុងពិភពលោក បន្ទាប់ពី Tencent Holdings (ចិន)។ កាលពីឆ្នាំ ២០២១ Meta Plafroms ធ្លាប់ឈរលំដាប់ថ្នាក់ទី ៦ ដោយមានតម្លៃជាង ១,០០០ ពាន់លាន (១ ទ្រីលាន) ដុល្លារអាម៉េរិក។
ភាគហ៊ុននេះធ្លាក់ចុះខ្លាំងក្នុងរយៈពេល ២ សប្ដាហ៍កន្លង ដោយសារតែរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី ៤ ឆ្នាំ ២០២១ បង្ហាញថា កំណើននៃចំនួនអ្នកប្រើប្រាស់នៅទ្រឹង ចំណែកប្រាក់ចំណេញក៏ថយចុះ។
យោងតាម Bloomberg ក្រុមហ៊ុនដែលបានចូលមកកាន់ចំណាត់ថ្នាក់ទី ៦ ក្នុងចំណោមក្រុមហ៊ុនដែលមានមូលធនទីផ្សារធំជាងទាំង ១០ របស់ពិភពលោក ជំនួស Meta គឺ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ដោយមានតម្លៃ ៩០៦ ពាន់លានដុល្លារ។ ចំណែកក្រុមហ៊ុនដែលមានតម្លៃជាងគេក្នុងពិភពលោក នៅតែជា Apple ដោយមាន ២,៨០០ ពាន់លានដុល្លារ។ តាមពីក្រោយ Apple គឺ Microsoft និងក្រុមហ៊ុនរដ្ឋ Aramco របស់ ប្រទេសអារ៉ាប៊ីសាអូឌីត៕