កាលពីខែមុន វេជ្ជបណ្ឌិត Anders Apgar និងគ្រួសារ បានទៅទទួលទានអាហារពេលយប់នៅក្នុងភោជនីយដ្ឋានមួយ ស្រាប់តែទូរស័ព្ទរបស់គាត់រោទ៍ឡើងជាបន្តបន្ទាប់ ហើយក្រោយពីបានធ្វើតាមការណែនាំរបស់ខ្សែទូរស័ព្ទម្ខាងទៀត វេជ្ជបណ្ឌិតរូបនេះ ក៏បាត់បង់ប្រាក់ Bitcoin ដែលមានតម្លៃជាង ១ សែនដុល្លារ។
ដំបូងឡើយ Apgar យល់ថា ការហៅទូរស័ព្ទនេះ គឺដូចទៅនឹងការហៅស្វ័យប្រវត្ត ទើបមិនបានចាប់អារម្មណ៍។ ការហៅទូរស័ព្ទលើកបន្ទាប់ក៏ត្រូវភរិយារបស់លោកលើកទទួល។
«ពេលប្រពន្ធខ្ញុំលើកទូរស័ព្ទ ក៏មានសារប្រកាសថា គណនីរបស់អ្នកកំពុងជួបគ្រោះថ្នាក់» លោក Apgar រៀបរាប់។ គាត់យកទូរស័ព្ទពីប្រពន្ធមកស្ដាប់ដោយផ្ទាល់ ប៉ុន្តែ នោះក៏ជាពេលដែលគ្រួសារនេះចាប់ផ្ដើមត្រូវរន្ធត់ជាទីបំផុត។
ប្ដីប្រពន្ធ Apgar សុទ្ធតែជាវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យមួយក្នុងរដ្ឋ Maryland (សហរដ្ឋអាម៉េរិក)។ អ្នកទាំងពីរបានចាប់ផ្ដើមវិនិយោគទៅលើទីផ្សាររូបិយវត្ថុឌីជីថល តាំងពីប៉ុន្មានខែមុន។ ខែធ្នូ ២០២១ គណនីរបស់បុរសជាប្ដី កើនដល់ ១០៦,០០០ ដុល្លារ ដែលភាគច្រើនគឺដោយសារ Bitcoin។ ដូចទៅនឹងពលរដ្ឋអាម៉េរិក រាប់លាននាក់ផ្សេងទៀត ពួកគេក៏ជួញដូរ និងរក្សាទុកកាក់ Bitcoin របស់ខ្លួននៅក្នុងផ្សារ Coinbase។
នៅពេលលោក Apgar ស្ដាប់ទូរស័ព្ទ សំឡេងស្ត្រីម្នាក់បាននិយាយថា៖ «ស្វាគមន៍អ្នកមកកាន់ខ្សែទូរស័ព្ទការពារសុវត្ថិភាពបន្ទាន់របស់ Coinbase។ យើងរកឃើញថា មានសកម្មភាពខុសច្បាប់កើតឡើងដោយសារតែការព្យាយាមចូលក្នុងគណនីរបស់អ្នកដោយមិនបានសម្រេច ពីអាសយដ្ឋាន IP នៅ កាណាដា។ បើសិនមិនមែនជាអ្នក សូមចុចលេខ ១ ដើម្បីបញ្ចប់ដំណើរការនៃការការពារ និងស្ដារគណនី»។ ភ្លាមនោះ Apgar ក៏ចុចលេខ ១ ដោយមិនបានសង្ស័យអ្វីទាំងអស់។
២ នាទីក្រោយមក គណនីរបស់វេជ្ជបណ្ឌិត Apgar ក៏ត្រូវបានបិទ ហើយរហូតដល់បច្ចុប្បន្ន នៅតែមិនអាចយកមកវិញបាន។ លោក Apgar បញ្ជាក់ថា លោកបានបាត់បង់ប្រាក់ Bitcoin ទាំងអស់ដែលមាននៅក្នុងគណនី។
យោងតាមអ្នកជំនាញផ្នែកសន្តិសុខអ៊ីនធើណិត លោក Apgar ត្រូវបានគេឆបោកដោយប្រើប្រាស់កម្មវិធីបញ្ជាក់លេខកូដត្រួត ២ ជាន់ ឈ្មោះ ២FA។ ២FA គឺជាវិធីការពារសន្តិសុខនៅលើអ៊ីនធើណិត ដែលត្រូវគេប្រើប្រាស់ច្រើននៅក្នុងការជួញដូរនៅធនាគារ ផ្សាររូបិយវត្ថុឌីជីថល បណ្ដាញសង្គម និង អ៊ីមេល។ល។ វាត្រូវបានវាយតម្លៃថា អាចការពារគណនីបានក្នុងកម្រិតខ្ពស់ ដោយការបញ្ជាក់អំពីលេខសម្ងាត់ប្រើម្ដងចោល (OTP) ដែលផ្ញើមកទូរស័ព្ទ ទន្ទឹមនឹងលេខសម្ងាត់គោល។
ក៏ប៉ុន្តែ OTP ក៏កំពុងក្លាយជាគោលដៅដែលក្រុមចោរអ៊ីនធើណិតប្រើប្រាស់ដើម្បីឆបោកយកប្រាក់ពីអ្នកប្រើប្រាស់ផងដែរ។ មិនត្រឹមតែធ្វើការហៅតាមទូរស័ព្ទ ឬផ្ញើសារធម្មតានោះទេ ប៉ុន្តែ ពួកហែកឃើ ថែមទាំងឆបោកយកប្រាក់ឌីជីថល ដោយប្រើកម្មវិធីណែនាំស្វ័យប្រវត្ត bot ទៀតផង៕