(សហរដ្ឋអាម៉េរិក)-ស្ថានីយចុះចត និងជាយន្តហោះ Dragonfly របស់ ណាសា (NASA) ដំណើរការសាកល្បងនៅលើសមុទ្រខ្សាច់ California ជាទីដែលមានដំបូកខ្សាច់ខ្ពស់ៗ ដូចទៅនឹងសណ្ឋានដីលើឋានព្រះចន្ទរបស់ភពសៅរ៍។
Dragonfly គឺជាស្ថានីយចុះចត និងជាយន្តហោះរបស់ទីភ្នាក់ងារអាវកាសអាម៉េរិក ណាសា ដែលនឹងបំពេញបេសកកម្មស្រាវជ្រាវឋានព្រះចន្ទរបស់ពិភពសៅរ៍ (Saturn)។ កាលពីខែកញ្ញា ២០២១ ក្រុមអ្នកជំនាញបានធ្វើតេស្តយានផ្សងព្រេងនេះនៅលើវាលខ្សាច់ដែលដូចទៅនឹងដំបូកខ្សាច់លើព្រះចន្ទទីតាន (ឬហៅថា ថាយធិន ឬ ទីតង់ (Titan)) ក្នុងរយៈពេល ៣ ថ្ងៃ។
ការប្រមូលរូបភាព និងទិន្នន័យទាំងថ្ងៃ ទាំងយប់ មានសារសំខាន់សម្រាប់ប្រព័ន្ធគ្រប់គ្រងទិសរបស់ Dragonfly ដែលនឹងជួយឱ្យយន្តហោះនេះដឹងអំពីទីតាំង និងការចល័តរបស់ខ្លួននៅលើ ព្រះចន្ទទីតាន របស់ ភពសៅរ៍។
ការសាកល្បងដូច្នេះនៅលើផែនដី ក៏ជួយដល់ក្រុមអ្នកស្រាវជ្រាវ អាចអភិវឌ្ឍ Dragonfly ឱ្យហោះបាននៅលើពិភពដទៃ។ តាមគម្រោង យាន Dragonfly របស់ ណាសា នឹងត្រូវបានបាញ់បង្ហោះទៅកាន់ទីអវកាសនៅក្នុងឆ្នាំ ២០២៧៕