ត្បូងពេជ្រពណ៌ផ្ទៃមេឃធំជាងគេ និងថ្លៃជាងគេបំផុតក្នុងពិភពលោក De Beers Cullinan Blue គ្រោងនឹងរកបានប្រាក់ជាង ៤៨ លានដុល្លារ នៅក្នុងការលក់ដេញថ្លៃនៅខែមេសាខាងមុខ។
De Beers Cullinan Blue ត្រូវបានរកឃើញកាលពីឆ្នាំ ២០២១ នៅក្នុងអណ្ដូងរ៉ែ Cullinan របស់ អាហ្វ្រិកខាងត្បូង ជាប្រភពកម្រមួយក្នុងពិភពលោកដែលផ្គត់ផ្គង់ត្បូងប្រភេទនេះ។
ត្បូងពេជ្រនេះមានទម្ងន់ជាង ១៥ ការ៉ាត មានពណ៌ផ្ទៃមេឃយ៉ាងស្រស់ស្អាត។ វិទ្យាស្ថានត្បូងពេជ្រអាម៉េរិក បានដាក់បញ្ចូលប្រភេទត្បូងនេះទៅក្នុងក្រុមដែល «មានពណ៌ផ្ទៃមេឃដ៏ទាក់ទាញ» ជាប្រភេទដែលមានតែ ១% ប៉ុណ្ណោះ នៅក្នុងចំណោមប្រភេទត្បូងពេជ្រពណ៌ផ្ទៃមេឃ។
ដំណើរការនៃការកកើតថ្ម និងវត្តមានរបស់រ៉ែកាបូន នៅពេលកកើតគ្រីស្តាល់ គឺជាវិទ្យាសាស្ត្រប្រកបដោយភាពបរិសុទ្ធ ហើយវាកើតឡើងនៅទីកន្លែងមួយចំនួនតូចតែប៉ុណ្ណោះ។ នោះគឺជាមូលហេតុដែលនាំឱ្យពួកវាក្លាយជារបស់កម្រ។
តាមការគណនា De Beers Cullinan Blue នឹងរកបានជាង ៤៨ លានដុល្លារអាម៉េរិក នៅក្នុងព្រឹត្តិការណ៍លក់ដេញថ្លៃនៅក្នុងខែមេសា នាទីក្រុងហុងកុង។ នេះជាតម្លៃខ្ពស់បំផុត សម្រាប់ប្រភេទត្បូងពេជ្រពណ៌ផ្ទៃមេឃ ព្រោះតែទំហំរបស់វា។ កន្លងមក មិនធ្លាប់មានត្បូងពេជ្រពណ៌ផ្ទៃមេឃណាមួយមានទំហំធំដូច្នេះទេ។