ក្នុងគ្រាដែលធនាគារជាតិរុស្ស៊ី បន្តអំពាវនាវឱ្យរដ្ឋ ធ្វើការហាមឃាត់រូបិយវត្ថុឌីជីថល ដូចជា Bitcoin ជាដើម រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Anton Siluanov បែរជាប្រកាសបដិសេធទៅវិញ។
យោងតាម Forbes រុស្ស៊ី នៅក្នុងកិច្ចប្រជុំរវាងក្រសួងហិរញ្ញវត្ថុ និងធនាគារជាតិរុស្ស៊ី លោក Siluanov ឱ្យដឹងថា ការចេញបទបញ្ជាហាមឃាត់ប្រាក់ឌីជីថល នៅ រុស្ស៊ី «ក៏ស្មើនឹងការហាមឃាត់ប្រព័ន្ធអ៊ីនធើណិត ដែលជាប្រការមួយមិនអាចទៅរួច»។
ជំនួសមកវិញ លោករដ្ឋមន្ត្រីយល់ថា គួរស្វែងរកវិធីគ្រប់គ្រងវិស័យនេះឱ្យបានកាន់តែឆាប់ កាន់តែល្អ ជាជាងការហាមឃាត់ទាំងស្រុង។ លោកអះអាងថា ប្រាក់ឌីជីថល អាចអនុញ្ញាតឱ្យរដ្ឋាភិបាលតាមដានទីផ្សារ និងបង្កើនប្រាក់ចំណូលរបស់ជាតិ តាមរយៈការយកពន្ធ។
ចំណែកធនាគារជាតិរុស្ស៊ី វិញ មិនបានគាំទ្រដល់គំនិតដែលថា អនុញ្ញាតឱ្យអ្នកវិនិយោគដែលមិនមានជំនាញ ធ្វើការជួញដូរប្រាក់ឌីជីថល ដូចជា Bitcoin នោះទេ ដោយហេតុថា អាចមានអំពើលាងលុយ និងអំពើបោកបន្លំ។
ក្រោយពីជជែកគ្នាអស់ជាច្រើនឆ្នាំ ធនាគារជាតិរុស្ស៊ី និងរដ្ឋាភិបាល គ្រោងនឹងស្វែងរកចំណុចស្របគ្នាស្ដីពីការកំណត់លើរូបិយវត្ថុឌីជីថលវិមជ្ឈការ ដែលនឹងត្រូវបានដាក់ចេញនៅថ្ងៃសុក្រសប្ដាហ៍នេះ៕